(កោះកុង)៖ សម្រាប់គ្រោះជំនន់ទឹកភ្លៀងនារយៈពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋចំនួន៤ស្រុក ក្នុងខេត្តកោះកុងជាង១ពាន់គ្រួសារ បានរងគ្រោះ និងទទួលផលប៉ះពាល់ ព្រមទាំងផ្ទះសម្បែង ផលដំណាំរបស់ពួកគាត់ ក៏មិនតិចដែរដែលត្រូវទឹកលិចដោយសារឥទ្ធិពលមួយនេះ។ នេះជាការបញ្ជាក់ឡើងវិញរបស់អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ។
លោកស្រីអភិបាលខេត្តកោះកុង បានថ្លែង កាលពីគ្រោះជំនន់ទឹកភ្លៀងនោះបានបណ្តាលលិចភូមិឋាន ផ្ទះសម្បែង និងផលដំណាំរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន ហើយប្រជាពលរដ្ឋជាង១ពាន់គ្រួសារ ដែលទទួលផលប៉ះពាល់ ប៉ុន្តែយ៉ាងណានោះ រហូតមកដល់ពេលនេះ ស្ថានភាពប្រជាពលរដ្ឋបានធូរស្រាលឡើងវិញ។ បើតាមលោកស្រីអភិបាលខេត្ត នៅថ្ងៃនេះភ្លៀងបានធ្លាក់ខ្លាំងដែរ នៅខេត្តកោះកុង ប៉ុន្តែមើលទៅមិនបណ្តាលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ជាការធ្លាក់ភ្លៀងខ្លាំងនៅទីរួមខេត្ត។
ទោះបីជាមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរនោះ លោកស្រីអភិបាលបានអំពាវនាវដល់ មន្រ្តីគ្រប់លំដាប់ថ្នាក់ជួយបន្តតាមដាន និងជួយអន្តរាគមន៍បន្តទៀតចំពោះប្រជាពលរដ្ឋដែលរងគ្រោះសារបញ្ហានេះ។
មន្រ្តីសាលាខេត្តកោះកុង ក៏បានបញ្ជាក់ផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០១៨ តំបន់ឆ្នេរសមុទ្រកម្ពុជា បានទទួលរងឥទ្ធិពលទឹកភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលជាឥទ្ធិពលខ្យល់ម៉ូសុងវស្សា ពីទិសនិរតីដោយមាន ភ្លៀង ធ្លាក់យ៉ាងច្រើន។ ការធ្លាក់ភ្លៀងយ៉ាងខ្លាំងនេះ បានបណ្តាលឲ្យមានទឹកជំនន់លិចផ្ទះប្រជាពលរដ្ឋ ផ្ទះអណ្តែតទឹក ដែលនៅតាមមាត់ទឹក និងធ្វើឲ្យមានការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ និងសត្វពាហនៈមួយចំនួន។ ការខូចខាតទាំងអស់នេះ បណ្តាលមកពីទឹកភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា ធ្វើឲ្យមានការជន់លិច និងធ្វើឲ្យមានទឹកហូរខ្លាំងនៅតាមដងស្ទឹង និងព្រែកនានាក្នុងខេត្តកោះកុង។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានាពេលថ្មីៗនេះ បានរងនូវឥទ្ធិពលខ្យល់មុសុងតំបន់ត្រូពិច នៃមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យមានអាកាសធាតុធ្លាក់ភ្លៀងខ្លាំង នៅទូទាំងប្រទេសមានធ្លាក់ភ្លៀងស្ទើរគ្រប់ទីកន្លែង និងបានបណ្តាលឲ្យកន្លែងខ្លះមានការលិចលង់ជាខ្លាំង។
ជាមួយការឆ្លើយតបនឹងគ្រោះធម្មជាតិមួយនេះ រដ្ឋបាលខេត្តកោះកុង បានសហការជាមួយក្រុមហ៊ុន ខេមបូឌា តាតៃ ហ៊ីដ្រូផាវវើ បានរៀបចំវិធានការ និងការងារទប់ស្កាត់គ្រោះទឹកជំនន់នេះជាបន្តបន្ទាប់។ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនវារីអគ្គិសនី បានផ្ញើរបាយការណ៍ស្ថានភាពទឹកជាច្រើនលើក ដល់សាលាខេត្តកំពត ដើម្បីត្រៀមការពារទុកជាមុន៕