(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវ អាគារកីឡាដ្ឋានក្លឹបវាយសីខេត្តប៉ៃលិន ដោយនៅក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងកីឡាករជាច្រើននាក់ទៀតផងដែរ។
បើតាមរបាយការណ៍ របស់លោក ចេង ញ៉ាន់ អភិបាលរងខេត្ត បានឲ្យដឹងថា កីឡាដ្ឋានក្លឹបវាយសីខេត្តប៉ៃលិន កសាងឡើងនៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ដោយចាប់ផ្តើមកសាងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ និងបញ្ចប់រួចរាល់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដែលមានបាតក្រោមរួមទំហំ១៨ម៉ែត្រ គុណនិង២០ម៉ែត្រ ផ្ទៃខាងក្នុងទំហំ ១៦ម៉ែត្រ គុណនឹង២២ម៉ែត្រ ចាក់បេតុងបាតកម្រាស់ ០.០៥ម៉ែត្រ គ្រោងដែក ជញ្ជាំងឥដ្ឋ១០ កម្ពស់ ២ម៉ែត្រ និងស័ង្កសីកំពស់ ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសីកម្ពស់ ១១ម៉ែត្រ និងមានទីលានចំនួន២ ដោយគាំទ្រថវិកាទាំងស្រុងពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចំណែកសម្ភារៈកីឡាវាយសី គឺឧបត្ថម្ភដោយសមាគមន៍កីឡាខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្លិបវាយសីនេះជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើន របស់រដ្ឋបាលខេត្តប៉ៃលិន ដែលបានកសាងឡើង នៅចុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដោយក្លឹបវាយសីនេះ បានដឹកនាំកសាង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយលោក ចេង ញ៉ាន់ អភិបាលរងខេត្ត មានលក្ខណៈល្អ សមរម្យ ត្រឹមត្រូវតាមក្បួនខ្នាត បានអាចប្រើប្រាស់បានយូអង្វែងសម្រាប់វិស័យកីឡាវាយសីក្នុងខេត្តប៉ៃលិន។
លោកបានបញ្ជាក់ថា «សម្រាប់ក្លឹបកីឡាវាយសីនេះ ពីមុនមកសម្រាប់ខេត្តប៉ៃលិនយើងមិនដែលមាននោះទេ គឺមិនសូវមានអ្នកដឹកនាំលេង ដោយសារមិនមានទីលានសម្រាប់លេង និងដោយសារមិនសូវមានការគាំទ្រច្បាស់លាស់ ហើយចាប់ពីពេលនេះតទៅ លោកសង្ឃឹមថា វិស័យកីឡាវាយសីខេត្តប៉ៃលិន នឹងទទួលបានការគាំទ្រពីសំណាក់មហាជន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងដៃគូសហការដូចជា សមាគមន៍កីឡាខេត្តចាន់បុរី និងស្រុកពោងណាំរ៉ន នៃព្រះរាជាណាចក្រថៃ»។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានអំពាវនាវដល់ក្មួយៗជាយុវជន យុវនារីទាំងអស់ ចំណាយពេលវេលាចូលមកលេងកីឡាដើម្បីសុខភាព ចៀសវាងដាច់ខាត នូវអំពើឧបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម និងនៅជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយស និងសុភមង្គលក្នុងគ្រួសារ ពីព្រោះកីឡាពិតជានាំមកនូវ មិត្តភាព សាមគ្គីភាព សុខភាព និងកិត្យានុភាពជាតិ ទីណាមានកីឡាទីនោះ ពិតជាមានភាពសប្បាយរីរាយ និងពោពេញទៅដោយសុខភាពផងដែរ៕