(ភ្នំពេញ)៖ ឱកាសសម្រាប់បំពេញទស្សនកិច្ច និងស្វែងយល់អំពីប្រទេសជប៉ុនសម្រាប់យុវជន យុវតី និងនិស្សិតកម្ពុជាបានមកដល់ទៀតហើយ។ យុវជន យុវតី និងនិស្សិតកម្ពុជា ដែលមានបំណងប្រាថ្នាចង់ស្គាល់ពីប្រទេសជប៉ុនសុំរួសរាន់ដាក់ពាក្យ ដើម្បីទទួលបានឱកាសដ៏កម្រស់មួយនេះ។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ខ្លួនបានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជន ដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ឆ្នាំ២០១៨។ កម្មវិធីនេះ នឹងផ្តល់ឱកាសឲ្យយុវជន យុវតី និងនិស្សិតកម្ពុជា បានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍។
យោងតាមសេចក្តីប្រកាសបានបញ្ជាក់ថា អ្នកដែលដាក់ពាក្យចូលរួមប្រកួតប្រជែងយកឱកាសទៅទស្សនកិច្ចនៅប្រទេសជប៉ុននេះ គឺត្រូវតែជានិសិ្សតឆ្នាំទី៣ គ្រប់ជំនាញនៃសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសកម្ពុជា។ និស្សិតកម្ពុជា ដែលមានបំណងប្រាថ្នាទស្សនកិច្ចនៅប្រទេសជប៉ុន អាចដាក់ពាក្យចូលរួមប្រកួតប្រជែងនៅស្ថានទូតជប៉ុនចាប់ទទួលពីថ្ងៃនេះតទៅ ហើយការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០៧ ខែកញ្ញា។
សេចក្តីជូនដំណឹងបានបន្ថែមឲ្យដឹងដែរថា និសិ្សត ២០រូប ស្មើនឹង ៥ក្រុម នឹងត្រូវជ្រើសរើសទៅវគ្គប្រកួតផ្តាច់ព្រ័ត្រ ដើម្បីចូលរួមកម្មវិធី JENESYS 2018។ បេក្ខជនដែលត្រូវបានជ្រើសរើស ចូលរួមវគ្គប្រកួតផ្តាច់ព្រ័ត្រ ត្រូវរៀបចំបទបង្ហាញជាភាសាខ្មែរក្រោមប្រធានបទ «អនាគតកម្ពុជា៣០ឆ្នាំក្រោយ»។ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នឹងប្រកាសលទ្ធផលបេក្ខជនដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅលើគេហទំព័រស្ថានទូតជប៉ុន។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២៖០០រសៀល នៅ CJCC។
ទស្សនកិច្ចនៅប្រទេសជប៉ុន ក្រោមកម្មវិធី JENESYS ឆ្នាំ២០១៨នេះ នឹងចាប់ពីថ្ងៃទី២២ ដល់២៩ ខែមករា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា កម្មវិធីបណ្តាញ និងការផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនប្រទេសជប៉ុន និងប្រទេសអាស៊ីខាងកើត ហៅកាត់ថា JENESYS ត្រូវបានរដ្ឋាភិបាលជប៉ុន បង្កើតឡើងកាលពីឆ្នាំ២០០៧ កន្លងទៅ ក្នុងគោលបំណងជំរុញការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ក្នុងចំណោមយុវជន និងប្រជាជនជប៉ុន ជាមួយយុវជនបណ្តាប្រទេសអាស៊ីខាងកើតដើម្បីកសាងមូលដ្ឋានគ្រឹះ នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។ ក្នុងមួយឆ្នាំៗ មានយុវជនប្រមាណជា ៦ពាន់នាក់ ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុនក្រោមកម្មវិធី JENESYS នេះ។
តាមរយៈកម្មវិធីនេះយុវជន យុវតី និងនិស្សិតកម្ពុជាជាច្រើននាក់ហើយបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុននេះ ក្រុមយុវជន យុវតីទាំងអស់ត្រូវបាននាំទៅកាន់តំបន់ទេសចរណ៍ តំបន់វប្បធម៌ និងសិក្សាស្វែងយល់ពីប្រទេសជប៉ុន។ នៅចុងក្រោយនៃកម្មវិធីយុវជន យុវតី នឹងត្រូវនាំទៅរស់នៅជាមួយប្រជាពលរដ្ឋជប៉ុនផងដែរ៕