(ភ្នំពេញ)៖ លោក ហាច ហ៊ាន អគ្គនាយក នៃនាយកដ្នានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារទៅចុះសួរសុខទុក្ខ លោក ល័ស សុខ ជាសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋាន ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
លោក ល័ស សុខ ជាសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋាន ឃុំកោងកាង បានរងគ្រោះថ្នាក់ បាក់ឆ្អឹងកដៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ និងត្រូវវះកាត់បន្ទាន់ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នៃ២០១៨នេះផងដែរ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនាពេលនោះ លោក ហាច ហ៊ាន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានប្រគល់ថវិកាចំនួន៤លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាទឹកចិត្តរបស់រដ្ឋមន្រ្តី រួមនិងក្រុមការងារជាច្រើនរូបទៀត។
ជាមួយគ្នានោះ លោក ហាច ហ៊ាន បានលើកឡើងថា ជានិច្ចកាល លោករដ្ឋមន្រ្តី និងក្រុមការងារ តែងយកចិត្តទុកដាក់ ទៅដល់សមាជិក និងក្រុមការងារទាំងអស់ ដែលជួបទុក្ខលំបាក ទោះ ក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយសុខសន្តិភាព ប្រទេសរីកចម្រើន គឺខ្មែរគ្រប់រូប តែងជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់និន្នាការឡើយ។
លោក ហាច ហ៊ាន ក៏បានផ្តាំផ្ញើឲ្យក្រុមគ្រូពេទ្យ នៅទីនោះ សូមជួយយកចិត្តទុកដាក់ ព្យាបាលជំងឺលោក ល័ស សុខ ជាសកម្មជនគណបក្សប្រជាជនកម្ពុជា ប្រចាំមូលដ្ឋាន ឃុំកោងកាង ឲ្យអស់ពីសមត្ថភាព ក៏ដូចជា អ្នកជំងឺដទៃទៀតផងដែរ៕