(ភ្នំពេញ)៖ លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ បានលើកឡើងថា ចាប់តាំងពីបង្កើតរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការមក សិស្សដែលបានសិក្សានៅទីនេះទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា សារការីចំនួន១០៩៥នាក់ ដែលបានចេញទៅបម្រើការងារលើវិស័យច្បាប់នៅទូទាំងប្រទេស ខណៈខ្លះទៀតកំពុងសិក្សានៅទីនេះ។
លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង ថ្លែងបែបនេះនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកបានអញ្ជើញបើកសិក្ខាសាលា អំពីការផ្សព្វផ្សាយវិជ្ជាជីវៈតុលាការ នៃសាលាភូមិន្ទទាំង៤ លើកដំបូងរបស់ខ្លួន ជូនដល់និស្សិតច្បាប់ដែលកំពុងសិក្សា នៅតាមសកលវិទ្យានានា រួមមួយលោក ប៊ុនយ៉ៃ ណារិន អនុប្រធានរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ, លោក អិុន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី, លោក កេង សុម៉ារិទ្ធិ នាយកសាលាភូមិន្ទចៅក្រម, លោក អ៊ុក ទូច នាយកសាលាភូមិន្ទអាជ្ញាសាលា ព្រមទាំងនិស្សិតមកពី០៦ សកលវិទ្យាល័យចំនួន១៤០នាក់ នៅសហសាលាជាន់ទី២ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ។
ក្នុងឱកាសនោះដែរលោកបណ្ឌិតរដ្ឋ ឈន ព្រលឹង បានថ្លែងថា សិក្ខាសាលានេះ មានគោលដៅជួយតម្រង់ទិសរបស់និស្សិត ដែលកំពុងសិក្សា ជំនាញនីតិសាស្ត្រ ដើម្បីឈានចាប់យកវិជ្ជាជីវៈច្បាប់ និងតុលាការដែលខ្លួនពេញចិត្ត ជាពិសេសដើម្បីតម្រង់ទិសដល់និស្សិត ឱ្យយល់កាន់តែច្បាស់ អំពីការបណ្តុះបណ្តាលអ្នកអនុវត្តវិជ្ជាជីវៈច្បាប់ និងតុលាការ នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកបណ្ឌិតរដ្ឋ ឈន ព្រលឹង បានបន្តថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ គឺជាថ្នាល់បណ្តុះបណ្តាលអ្នកអនុវត្តច្បាប់ នៅក្នុងវិស័យអនុវត្តច្បាប់តែមួគត់នៅកម្ពុជា ដែលទទួលបន្ទុកបណ្តុះបណ្តាល ធនធានមនុស្សនៅក្នុងវិស័យអនុវត្តច្បាប់ និងតុលាការនៅកម្ពុជា។ ក្នុងន័យនេះមានន័យថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ជាកន្លែងបណ្តុះបណ្តាលបឋម ហើយសិស្សដែល អាចចូលរៀននៅទីនេះបាន គឺឆ្លងកាត់ការប្រឡងប្រជែងផងដែរ។ លោកបានបន្ថែមទៀតថា សាលាដែលនៅក្រោមឆ័ត្រ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ មានចំនួន៤៖ គឺសាលាភូមិន្ទចៅក្រម, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទសាលការី, សាលាភូមិន្ទអាជ្ញាសាលា ដែលទទួលបន្ទុកបណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់លើផ្នែកនីមួយៗផងដែរ។
ទទ្ទឹមនឹងនេះលោកបណ្ឌិតរដ្ឋនាយកសាលា បានបញ្ជាក់ថា សាលាភូមិន្ទចៅក្រមបង្កើតរយៈពេល៨ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ២០០២ មានសិស្សដែលបានបញ្ចប់ការសិក្សាចំនួន៤៥២នាក់ រួមទាំងព្រះរាជអាជ្ញា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ជ្រើសរើស និងធានារ៉ាបរងការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ការបណ្តុះបណ្តាលបន្ត និងវិក្រឹត្យការចៅក្រម និងព្រះរាជអាជ្ញាដែលំពុងបំពេញការងារ នៅតាមសាលាជម្រុះក្តី។
ជាមួយគ្នានេះ សាលាភូមិន្ទក្រឡាបញ្ជីបង្កើតឡើងបាន០៥ជំនាន់ គិតត្រឹមឆ្នាំ២០០១៨នេះ មានសិស្សបានបញ្ចប់ការសិក្សាប្រហែល៦០០នាក់ នៅទូទាំងប្រទេស ក្រឡាបញ្ជី ជាមន្ត្រីរបស់ក្រសួងយុត្តិធម៌ ដែលឆ្លងកាត់ការប្រឡង មានកម្រិតវប្បធម៌ច្បាប់ថ្នាក់បរិញ្ញាបត្រ នីតិសាស្ត្រឆ្នាំទី០៣ឡើងដែលបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈ រយៈពេល០២ឆ្នាំ មានកាយសម្បទាគ្រប់គ្រាន់ ទទួលបានប្រាក់បៀរវត្ស និងប្រាក់សោធននិវត្សពីរដ្ឋ ក្រឡាបញ្ជីជាមន្ត្រីរដ្ឋ ដែលមានសេវាបម្រើផ្នែកស៊ីវិល។
ចំណែកឯសាលាភូមិន្ទអាជ្ញាសាលា ទើបបានមួយជំនាន់ទេ ដែលមានសិស្សកំពុងសិក្សាចំនួយ២៨នាក់ ជាស្ថាប័នឯករាជ្យមួយ ទទួលបន្ទុកធ្វើការបញ្ចូនឯកសារផ្សេងៗរបស់តុលាការ ប្រតិបត្តិការអនុវត្ត ដោយបង្ខំតាមច្បាប់កំណត់ជាអ្នកមានទំនាក់ទំនង រវាងម្ចាស់បំណុល កូនបំណុល តតីយជន និងតុលាការអនុវត្ត ការប្រតិបត្តិការអនុវត្តដោយបង្ខំ ដោយឯករាជ្យចំពោះអចនទ្រព្យ និងការប្រគល់អចនវត្ថុ។
ចំណែកសិស្សសាលាភូមិន្ទសារការី មានចំនួន១៥នាក់ គឺជាមន្ត្រីសាធារណៈដែលមានមុខងារធ្វើលិខិតយថាភូត បញ្ជាក់អំពីលក្ខណៈពិតប្រាកដត្រឹមត្រូវ ធានារ៉ាបរងអំពីកាលបរិច្ឆេទ តម្កល់រក្សាទុក និងចេញសេចក្តីចម្លងយថា ភូតនៃលិខិតទាំងឡាយដែលត្រូវតែមានការបញ្ជាក់៕