(ក្រចេះ)៖ អាជ្ញាធរស្រុកចិត្របុរី បានសហការជាមួយអាវុធហត្ថខេត្តក្រចេះជាង៥០នាក់ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ចុះជួយកាច់ពោតប្រជាពលរដ្ឋ ដែលលិចលង់ដោយសារទឹកជំនន់ចំនួន ៣ភូមិ ស្ថិតក្នុងឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានឲ្យដឹងថា កម្លាំងអាវុធហត្ថស្រុក-ខេត្តចំនួន ៤៣នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ និងកម្លាំងសាលាស្រុកមានចំនួន ១២នាក់ បានចុះជួយកាច់ពោតប្រជាពលរដ្ឋនៅភូមិចំនួន ៣ភូមិ ដោយចែកជា ៣ក្រុម។
ភូមិដែលចុះប្រតិបត្តិការនេះ រួមមាន៖ ភូមិក្បាលកោះ ភូមិរកាខ្នុល និងភូមិវត្ត។ គិតពេលបាយថ្ងៃត្រង់នេះ កម្លាំងបានជួយកាច់ពោតបានចំនួនប្រមាណជាង ១០តោន ហើយកម្លាំងនៅបន្ដជួយពួកគាត់រហូតដល់ពេលល្ងាច។
លោកអភិបាលស្រុក បានបន្តទៀតថា ដោយមើលឃើញពីស្ថានភាពទឹកកំពុងវាយលុកបណ្ដាលឲ្យខូចដំណាំរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានត្អូញត្អែរថា ខ្វះកម្លាំងធ្វើការ លោកក៏បានសហការជាមួយកម្លាំងអាវុធហត្ថស្រុក-ខេត្ត ដើម្បីចុះជួយប្រមូលផលពួកគាត់ ដើម្បីកុំឲ្យទឹកវាយលុកខូចខាតទាំងស្រុង និងដើម្បីជួយរួមចំណែករំលែកភាពលំបាករបស់ពួកគាត់មួយកម្រិត៕