(ភ្នំពេញ)៖ ចៅហ្វាយក្រុងម្នាក់ នៅសហរដ្ឋអាមេរិក បានសម្តែងការភ្ញាក់ផ្អើលចំពោះចំនួនដ៏ច្រើនលើសលប់ នៃប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ដើម្បីជ្រើសរើសមេដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿទុកចិត្ត។
ចៅហ្វាយក្រុងរូបនេះ បានលើកឡើងទៀតថា ចំនួនដ៏ច្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានចេញទៅបោះឆ្នោតនេះ គឺមានចំនួនច្រើនជាងប្រទេសមួយចំនួន ក្នុងពិភពលោកទៀតផង។ ចៅហ្វាយក្រុងរូបនេះ គឺលោក អេដវើដ វៀលសុន (Edward Wilson) ជាចៅហ្វាយក្រុងស៊ីកនីលហីល (Signal Hill) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងឱកាសលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ខណៈដែលលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងជំនួបនោះលោកស្រីបណ្ឌិត ម៉ែន សំអន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក អេដវើដ វៀលសុន នៅកម្ពុជា ចំពេលដែលប្រទេសកម្ពុជា ទើបតែបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ថ្មីៗទៅនេះ ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោកស្រីបានថ្លែងទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ដែលនេះបានបង្ហាញថា កម្ពុជាមានលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ ដែលការបោះឆ្នោត បានដំណើរការទៅយ៉ាងរលូន ហើយមានប្រជាពលរដ្ឋជាង៨២ភាគរយ បានអញ្ជើញទៅបោះឆ្នោត ដើម្បីបញ្ចេញនូវសិទ្ធ និងឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសអ្នកដឹកនាំ ដែលពួកគាត់ជឿជាក់ ស្រឡាញ់ និងពេញចិត្ត។ ទន្ទឹមនឹងនេះដែរ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍អន្តរជាតិច្រើនលើសលប់ វាយតម្លៃថា ជាការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។
ជាការឆ្លើយតបវិញលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រីបណ្ឌិត ម៉ែន សំអន ថា នៅក្នុងឱកាសដែលរូបលោកស្នាក់នៅកម្ពុជា លោកបានទៅទស្សនកិច្ចនៅតាមខេត្តជាច្រើន ហើយប្រជាជនកម្ពុជា មានការរស់រាយរាក់ទាក់ចំពោះភ្ញៀវ។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរីកចំរើនរបស់ប្រទេសកម្ពុជាផងដែរ។
ទាក់ទងទៅនឹងការបោះឆ្នោតលោក អេដវើដ វៀលសុន បានជំរាបជូនលោកស្រី ម៉ែន សំអន ថា រូបលោកបានឃើញប្រជាពលរដ្ឋកម្ពុជាច្រើនលើសលប់ បាននាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើស អ្នកដឹកនាំប្រទេសដែលខ្លួនស្រឡាញ់ ពេញចិត្ត និងជឿជាក់ ជាងប្រទេសមួយចំនួន នៅលើសកលលោក។
នៅក្នុងឱកាសនោះដែរ លោកស្រីកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានស្នើឲ្យលោក អេដវើដ វៀលសុន សូមជួយពាំនាំការពិតពីកម្ពុជា ទៅជំរាបជូនដល់ប្រជាពលរដ្ឋ ដែលរូបលោករស់នៅផងដែរ៕