Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្ដ្រ ស សុខា សម្ដែងនូវការកើតសរសើរ ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ ប្រកបដោយក្រមសីលធម៌ល្អ

03-08-2018 12:46

(ភ្នំពេញ)៖ លោក ស សុខា អ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានសម្ដែងនូវការកើតសរសើរ ចំពោះមន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ ប្រកបដោយក្រមសីលធម៌ល្អ សាកសមជាមន្ត្រីរាជការល្អ ក្នុងការបម្រើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

តាមរយៈ Facebook របស់ លោក ស សុខា ដែលបានចុះផ្សាយនៅថ្ងៃនេះ បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំពិតជាមានមោទនភាពណាស់ នៅពេលដែលបានជួប បានឃើញផ្ទាល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភាគច្រើន បានប្រើប្រាស់ពាក្យពេចន៍ និងកាយវិការ ប្រកបដោយក្រមសីលធម៌ល្អ សាក សមជាមន្ត្រីរាជការល្អ ក្នុងការបម្រើឲ្យប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល»

លោក ស សុខា បន្ដថា «ជាក់ស្តែងណាស់ ព្រឹកមិញនេះ ខ្ញុំបានធ្វើដំណើរទៅបរទេស ពេលនោះ ខ្ញុំបានឃើញ និងជួបផ្ទាល់ប្អូនស្រី ឡាយ ផានី ដែលមានឋានន្តរស័ក្តិជាអនុសេនីយ៍ឯក ជាមន្ត្រីនគនរបាលអន្តោប្រវេសន៍ ផ្តល់សេវាកម្ម ប្អូនស្រី មានកាយវិការ និងពាក្យពេចន៍ល្អសមរម្យរួសរាយរាក់ទាក់ភ្ញៀវទូទៅ គួរឲ្យកោតសរសើរ និងយកគំរូតាមណាស់»

តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានបន្ថែមទៀតថា ពេលដល់វេនខ្ញុំ ក៏ដូចគ្នា នាងបំពេញការងារយ៉ាងរហ័សរហួន ដោយមិនបានគិតថា ស្គាល់ ឫមិនស្គាល់ខ្ញុំអីនោះទេ ពោលគឺកាយវិការប្អូនរួសរាយរាក់ទាក់។ នេះហើយជាអ្វី ដែលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិគ្រប់រូបចង់បាន។

លោកថា «មន្ត្រីដ៏ទៃទៀតក៏ប្រហែលគ្នា ហើយខ្ញុំជឿជាក់ថា ក៏មានមន្ត្រីបំរើការ នៅព្រលានយន្តហោះអន្តរជាតិនេះ ជាច្រើនរូបទៀត ដែលល្អប្រសើរដូចប្អូនស្រី គ្រាន់តែខ្ញុំមិនបានជួបផ្ទាល់ប៉ុណ្ណោះ។ ស្ដាយដែរ ដែលខ្ញុំមិនអាចថតរូបច្រើន បានមកបង្ហាញជូន ដោយសារជាកន្លែងហាមឃាត់»

ឆ្លៀតឱកាសនេះដែរ ក្នុងនាមពលរដ្ឋខ្មែរមួយរូប លោក ស សុខា ស្នើសុំឲ្យមន្ត្រីព្រលានយន្តហោះទាំងអស់ ដែលបានធ្វើល្អហើយ សូមបន្តធ្វើល្អទៀត ហើយសំរាប់អ្នកមិនទាន់បានធ្វើល្អទេ សូមកែប្រែ និងធ្វើឲ្យបានល្អ ព្រោះនេះមិនមែនត្រឹមតែជាមុខមាត់កម្ពុជាប៉ុណ្ណោះទេ វាក៏ជាមុខមាត់លើឆាកអន្តរជាតិផងដែរ ព្រោះព្រលានយន្តហោះអន្តរជាតិ មានទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិឆ្លងកាត់៕