(ភ្នំពេញ)៖ កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការដកវិញ្ញាបនបត្រពី គ្រឹះស្ថានឥណទានជនបទចំនួន១១ ដែលក្នុងនោះមានឈ្មោះ អង្គការ ជោគជ័យ មួយផងដែរ។
ដោយមានការបារម្ភខ្លាចអតិថិជន និងមហាជន យល់ច្រឡំអំពីបញ្ហានេះ (ឈ្មោះដូចគ្នា) «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី» បានចេញសេចក្តីប្រកាសព័ត៌មានមួយ ប្រាប់ដល់សាធារណជនថា អង្គការជោគជ័យ ដែលធនាគារជាតិនៃកម្ពុជា បានដកវិញ្ញាបនបត្រនោះ គឺមិនមែនជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី» នោះទេ។
«គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជោគជ័យ ហ្វាយនែន ភីអិលស៊ី» គឺជាគ្រឹះស្ថានដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា កាលពីខែមេសា ឆ្នាំ ២០១៦ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការជាមួយសាខាចំនួន៤ ដែលក្នុងនោះរួមមាន៖ សាខាស្ទឹងមានជ័យ និង សាខាទួលគោក ក្នុងទីក្រុងភ្នំពេញ សាខាតាខ្មៅ ខេត្តកណ្តាល និង សាខាថ្នល់ទទឹង ខេត្តកំពង់ស្ពឺ៕