(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាព្រឹកថ្ងៃទី៣ ខែសីហា ២០១៨នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់សំណូមពរប្រជាពលរដ្ឋក្នុងបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា លោកនឹងផ្តល់ជូនការធ្វើផ្លូវ និងលូជូនប្រជាពលរដ្ឋតបតាមការសន្យា ដូចដែលបានសន្យារួចហើយនោះ កាលពីមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ។
លោកឃួង ស្រេង បានដឹងទៀតថា នៅក្នុងបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានកសាងសមិទ្ធិផលជាច្រើន ដើម្បីបំពេញទៅតាមតម្រូវការជាមូលដ្ឋាន របស់ប្រជាពលរដ្ឋនៅទីនេះ ដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់ តែមកដល់ឥឡូវនេះ ប្រជាពលរដ្ឋមានផ្ទះសម្បែង រស់នៅសមរម្យ មានទីផ្សារ មានប្រពន្ធ័ទឹក-ភ្លើងប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។
ជាមួយគ្នានេះ លោកឃួង ស្រេង ក៏បានថ្លែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករកន្លងមកនេះ។ លោកបន្តថា ក្នុងនាមអាជ្ញាធរ ដែលជាម៉ែ ជាឪ របស់ប្រជាពលរដ្ឋ តែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
បន្ទាប់ពីសំណេះសំណាល លោកអភិបាល និងមន្ត្រីមូលដ្ឋាន បានចុះមកមើលស្ថានភាពប្រជាពលរដ្ឋនៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ២ បន្តទៀត ដែលតំបន់នោះទទួលរង ដោយទឹកលិចកន្លងមក។ លោកបានផ្តល់ផ្លូវបេតុង១ខ្សែ ជូនប្រជាពលរដ្ឋភូមិដូនកុក ដែលភ្ជាប់ពីភូមិដូនកុក ទៅភូមិបឹងធំ ក្នុងសង្កាត់បឹងធំ ផងដែរ៕