(ស្វាយរៀង)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៣ ខែសីហានេះ បានជំរុញឲ្យក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ដែលមានទីតាំងស្ថិតក្នុងបាវិត ខេត្តស្វាយរៀង ចូលរួមសហការជាមួយអគ្គិសនីកម្ពុជា និងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចមួយផ្សេងទៀត ក្នុងសម្រួលបញ្ហាញបង្គោលភ្លើង ឲ្យមានរបៀបរៀបរយល្អ កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែសីហានេះ។
តាមអគ្គិសនីកម្ពុជា ដោយសារតែការមិនពេញចិត្ត របស់របស់ប្រជាពលរដ្ឋចំពោះបង្គោលអគ្គិសនី ដែលបានដាំលើដីរបស់ពួកគាត់ ពុំមានរបៀបរៀបរយ រត់មិនត្រង់ជួរ ដូចមុំចង្ក្រាន ដែលក្នុងនោះ មានបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជាមួយជួរ របស់តំបន់សេដ្ឋកិច្ចពិសេស តាយ សេង មួយជួរ និងរបស់តំបន់សេដ្ឋកិច្ច មេនហាតធេន មួយជួរដែរនោះ ទើបប្រជាពលរដ្ឋសំណូមពរឲ្យអគ្គិសនីកម្ពុជាជួយដោះស្រាយ។
អគ្គិសនីកម្ពុជាបន្ថែមថា ការសង់បង្គោលអគ្គិសនីនៅទីនោះ គួរតែមានត្រឹមតែ២ជួរយ៉ាងច្រើន ក្នុងនោះបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា១ជួរ និងរបស់តំបន់សេដ្ឋកិច្ចទាំង២ គួរដាក់រួមគ្នាតែមួយជួរ។ ប៉ុន្តែគួរឲ្យសោកស្តាយតំបន់សេដ្ឋកិច្ច តាយ សេង មិនបានឯកភាពឡើយ ដោយមានលេសផ្សេងៗធ្វើឲ្យដំណើរការដោះស្រាយជូនប្រជាពលរដ្ឋជួបបញ្ហា ហើយមានតែតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ប៉ុណ្ណោះដែលឯកភាពតាម។
អគ្គិសនីកម្ពុជាបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីដោះស្រាយ បញ្ហានេះ អគ្គិសនីកម្ពុជា បានសម្របសម្រួលជាមួយក្រុមហ៊ុនទាំងពីរខាងលើ នឹងបានស្នើសុំឲ្យក្រុមហ៊ុន តាយ សេង បាវិត អេសអ៊ីហ្សេត ខូអិលធីឌី ជួយរុះរើខ្សែបណ្តាញរបស់ខ្លួន ដោយយកខ្សែទៅព្យួរលើបង្គោលអគ្គិសនីរបស់ក្រុមហ៊ុន មេនហាតធេន អ៊ិនធើណេសិនណល ខូអិលធីឌីវិញ ហើយក្នុងកំឡុងពេលរុះរើនេះ អគ្គិសនីកម្ពុជាធានាផ្គត់ផ្គង់ថាមពល អគ្គិសនីជូនក្រុមហ៊ុន ដោយមានទីតាំងនៅខាងមុខក្រុមហ៊ុនស្រាប់ ដោយរក្សាតម្លៃដដែល នឹងពុំមានការបង់ថ្លៃបន្ថែម លើការព្យួរខ្សែលើបង្គោលអគ្គិសនីរបស់ក្រុមហ៊ុនមេនហាតធេន អ៊ិនធើណេសិនណល ខូអិលធីឌីនោះឡើយ ហើយ បង្គោលដែលនៅសល់ក្រុមហ៊ុនអាចយកទៅប្រើប្រាស់នៅកន្លែងផ្សេងបាន»។
ចំពោះការតភ្ជាប់នៅពេលណានោះជាការ សម្រេចរបស់ក្រុមហ៊ុន តាយ សេង បាវិត អេសអ៊ីហ្សេត ខូអិលធីឌី ហើយអគ្គិសនីកម្ពុជាត្រៀមខ្លួនសហការជានិច្ច។ ធ្វើដូចនេះគឺឈ្នះទាំងអស់គ្នា ប្រជាពលរដ្ឋមានការសប្បាយចិត្ត និងមានភាពងាយស្រួលក្នុងការចេញចូលលំនៅដ្ឋាន របស់គាត់ ហើយតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ក៏ពុំមានបញ្ហាខ្វះថាមពលអគ្គិសនី ក្នុងដំណើរការរោងចក្ររបស់ខ្លួនផងដែរ»៕