(ភ្នំពេញ)៖ បន្ទាប់ពីអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន នៅថ្ងៃទី២ ខែសីហាម្សិលមិញ បានចេញសេចក្តីជូនដំណឹងដល់អ្នកដែលកំពុងប្រើប្រាស់ រថយន្ដរបស់អាជ្ញាធរមីន ដោយមិនមានការអនុញ្ញាត ម៉ាក NISSAN NAVARA ត្រូវប្រគល់រថយន្ដ និងឯកសារពាក់ព័ន្ធ មកអាជ្ញាធរមីនវិញ យ៉ាងយូរត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ជាកំហិននោះ, នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកប្រើប្រាស់រថយន្តទាំង៣គ្រឿង ដែលជាទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី បានចេញមកបញ្ជាក់ថា រថយន្តទាំង៣គ្រឿងនោះខ្លួនកំពុងតែប្រើប្រាស់ ដើម្បីបម្រើការងារជូនទីស្តីការគណៈរដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា។
លិខិតបំភ្លឺរបស់មន្ត្រីទាំងនោះបានបញ្ជាក់ថា «យើងខ្ញុំសូមបញ្ជាក់ថា រថយន្តទាំងនេះ មិនត្រូវបានយកទៅប្រើប្រាស់ លក់ដូរ និងដឹកជញ្ជូនអ្វីដោយខុសច្បាប់ ដែយលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឡើយ។ ក្នុងន័យនេះ រថយន្តទាំងនេះ នឹងប្រគល់ជូនទីស្តីការគណៈរដ្ឋមន្ត្រីវិញ ប្រសិនបើយើងខ្ញុំទាំងអស់គ្នា បំរើងការងារនៅស្ថាប័នផ្សេង។ យើងខ្ញុំយល់ឃើញថា អាជ្ញាធរមីនគួរពិភាក្សា និងដោះស្រាយបញ្ហាអ្វីមួយក្នុងក្របខណ្ឌរួម និងតាមខ្សែបណ្តាយនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាអាណាបក្សដើមខ្សែ មុននឹងផ្សព្វផ្សាយអ្វីមួយពាក់ព័ន្ធនឹងទ្រព្យសម្បត្តិ និងមន្ត្រីក្រោមឱវាទរបស់ទីស្តីការគណៈរដ្ឋមន្ត្រី»។
តាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរមីន រថយន្ដ NISSAN NAVARA ដែលមានពាក់ស្លាកលេខ ទី១៖រដ្ឋ០៥ ២-០៣៩៦, ទី២៖រដ្ឋ០៥ ០២-០៣៥៨ និងទី៣៖រដ្ឋ០៥ ០២-០៣៥៩។
ក្រៅតែពីប្រាប់ឲ្យប្រគល់រថយន្តទាំង៣គ្រឿងមកអង្គភាពវិញហើយនោះ អាជ្ញាធរមីនបានព្រមាន ចាត់វិធានការតឹងរឹងជាបន្ដបន្ទាប់ ពុំមានការលើកលែងឡើយ ដោយប្រកាសជាសាធារណៈ តាមសារព័ត៌មាន វិទ្យុ ឬទូរទស្សន៍ដោយបញ្ចេញឈ្មោះ និងតួនាទីបុគ្គលដែលកំពុងប្រើប្រាស់រថយន្ដ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយដាក់បណ្ដឹងទៅ គ្រប់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឲ្យឃាត់រថយន្ដទុក និងចុងក្រោយរៀបចំសំណុំរឿងដាក់បណ្ដឹងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ៕