(កំពង់ចាម)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវធ្វើដំណើរតាមអូប៊័រ ពីកំពង់ផែ ក្រុងកំពង់ចាម អញ្ជើញចុះសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ចំនួន១៥៤៨គ្រួសារ ដែលរស់នៅភូមិទី៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម ។

កម្មវីធីនេះ ប្រារព្ធធ្វើឡើងនៅវត្ដឥន្ទកោសី ហៅវត្ដចុងកោះជ្រូក ស្ថិតក្នុងភូមិ៤ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្ដកំពង់ចាម។

សូមជម្រាបថា នៅថ្ងៃទី០២សីហាម្សិលមិញនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយ ជូនប្រជាពលរដ្ឋជិត២ពាន់គ្រួសារ ដែលរស់នៅទន្លេបិទលើ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ហើយក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បាននាំមកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ មកប្រគល់ជូនដល់គ្រួសារនីមួយៗ ដែលទទួលបាន​៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។

ជាមួយគ្នានេះ​គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស១ដុំ និងថវិកា​១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ ​ទៅតាមតំបន់គោលដៅរងគ្រោះ​សរុបចំនួន​ ១,០៥៨គ្រួសារ នូវ​ស្បៀង​ សម្ភារប្រើប្រាស់​ រួមមាន​ អង្ករ​ មី​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ តង់​ និងរទេះពិការ​ផងដែរ ៕

v