(កំពង់ចាម)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បត្ដិ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នេះ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តទុស្សនារាម (ហៅវត្តជ្រោយថ្ម) និងវត្តខេមវ័ន បឹងស្នាយ ដែលស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានប្រគេនបច្ច័យផ្ទាល់ខ្លួន ចំនួន ៥០,០០០ដុល្លារ ដល់វត្តទុស្សនារាម សម្រាប់ចូលរួមក្នុងការកសាងពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនផងដែរ។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំ មន្ដ្រីគ្រប់លំដាប់ថ្នាក់នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត បូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ ឲ្យកាន់តែរីកចម្រើន ៕