(ភ្នំពេញ)៖ កម្មករ-កម្មការិនី ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា បានបង្ហាញការពេញចិត្តពេញថ្លើមជាខ្លាំងជាមួយដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ដែលជាការបោះឆ្នោតប្រកបដោយភាពស្ងប់ស្ងាត់ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ ផ្ទុយពីការបោះឆ្នោតឆ្នាំ២០១៣ ដែលពោរពេញដោយការតវ៉ា បាតុកម្ម បង្កការភ័យព្រួយចំពោះសុវត្ថិភាព និងការរស់នៅរបស់ពួកគាត់។
តាមរយៈបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News កម្មករ កម្មការិនី បានគូសបញ្ជាក់ថា ការបោះឆ្នោតឆ្នាំ២០១៣ បានធ្វើឲ្យពួកគាត់ភ័យព្រួយរហូតបានប្រមូលកូនចៅចុះទៅស្រុកកំណើតមួយរយៈថែមទៀតផង។ ផ្ទុយទៅវិញការបោះឆ្នោតឆ្នាំ២០១៨ គឺមានការរក្សាសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ មានសភាពស្ងប់ស្ងាត់ មិនមានការភ័យព្រួយអ្វីនោះឡើយ ហើយការបោះឆ្នោតនេះធ្វើឲ្យគាត់មានភាពសប្បាយរីករាយតាំងពីពេលមុន និងក្រោយការបោះឆ្នោត។
កម្មករ កម្មការិនី ដែលម្រាមដៃរបស់ពួកគេបានជ្រលក់ទឹកថ្នាំខ្មៅបញ្ជាក់ថាបានទៅបោះឆ្នោតនោះ ក៏បានបញ្ជាក់ដែរថា ការចេញទៅបោះឆ្នោតរបស់ពួកគេបានធ្វើឡើងដោយការពេញចិត្ត ដោយឆន្ទៈ មិនមានការបង្ខិតបង្ខំពីបុគ្គល ឬ គណបក្សនយោបាយណាមួយនោះឡើយ។ ក្រុមកម្មករ កម្មការិនី ក៏បានបង្ហាញពីបំណងចង់បានពីមេដឹកនាំដែលពួកគេបានបោះឆ្នោតជូនផងដែរ។
កម្មករ និងកម្មការិនី គេចង់ឲ្យមេដឹកនាំដែលប្រឹងអភិវឌ្ឍន៍ជាតិ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋមានជីវភាពក្រីក្រ។ ជាពិសេសជួយធ្វើឲ្យកម្មករ កម្មការិនី មានប្រាក់ឈ្នួលកាន់តែខ្ពស់ ដើម្បីរស់នៅបានសមរម្យ៕
ខាងក្រោមជាការបង្ហាញចំណាប់អារម្មណ៍របស់កម្មការិនី ដែលកំពុងធ្វើការនៅរោងចក្រក្នុងរាជធានីភ្នំពេញ៖