(ត្បូងឃ្មុំ)៖ ទោះស្ថិតនៅក្នុងគ្រាលំបាក ដែលរងគ្រោះធម្មជាតិដោយទឹកជំនន់ក្ដី តែប្រជាពលរដ្ឋដែលរស់នៅស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ក៏នៅតែបង្ហាញស្នាមញញឹម ដោយក្ដីរំភើប ពេលដែលពួកគាត់ទទួលបានការនូវយកចិត្ដដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ដល់ពួកគាត់ ។
អ្នកស្រី នឿន ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបាននិយាយថា «ខ្ញុំរំភើបចិត្ដណាស់ ថ្ងៃនេះ ក៏ដូចជាគ្រប់ពេលកន្លងមក ឲ្យតែពួកខ្ញុំជួបនូវទុក្ខលំបាក និងរងគ្រោះថ្នាក់ផ្សេងៗ ពិសេសដោយគ្រោះធម្មជាតិទឹកជំនន់នេះតែម្ដង គឺឃើញថា មាតាមនុស្សធម៌របស់យើង [សម្តេចកិត្តិព្រឹទ្ធបណ្ឌិត] គឺតែងតែចុះមកសួរសុខទុក្ខដោយផ្ទាល់ និងបានចែកនូវស្បៀងអាហារ និងសម្ភារជាច្រើនទៀតដល់ពួកយើង។ និយាយទៅគាត់មិនដែលទុកបងប្អូនយើងចោលនោះទេ ដល់ចឹងទៅពួកខ្ញុំសប្បាយចិត្ដ ហើយរំភើបណាស់ ស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះពេលដែលលំបាកបំផុត ហើយមានអ្នកជួយសង្គ្រោះទាន់ភ្លាមៗ»។
សូមជម្រាបថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រៅពីចុះសួរសុខទុក្ខ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅទីនោះថា «គ្រប់កាលៈទេសៈ យើងខ្ញុំទាំងអស់ នឹងរួមសុខ រួមទុក្ខ ខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ជួយសង្គ្រោះពុកម៉ែបងប្អូនយើងទាំងអស់ ឲ្យមានជីវភាពរស់នៅឲ្យកាន់តែប្រសើរ ដោយមិនទុកបងប្អូនយើងម្នាក់ណាចោលនោះទេ ដូចនេះបើមានទុកលំបាក អាចប្រាប់ដល់យើងខ្ញុំទាំងអស់គ្នា»។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បាននាំមកនូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ មកប្រគល់ជូនដល់គ្រួសារនីមួយៗ ដែលទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១។
ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ក្រៅពីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ធ្វើសកម្មភាពជាបន្តបន្ទាប់ ទៅតាមតំបន់គោលដៅរងគ្រោះសរុបចំនួន ១,០៥៨គ្រួសារ នូវស្បៀង សម្ភារប្រើប្រាស់ រួមមាន អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា តង់ និងរទេះពិការផងដែរ ។
សូមស្ដាប់ការលើកឡើង ពីទឹកចិត្ដប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ជិត២ពាន់គ្រួសារ នៅស្រុកត្បូងឃ្មុំដូចតទៅ៖