(ភ្នំពេញ)៖ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿង និងឧក្រិដ្ឋកម្ម ដែលហៅកាត់ថា (UNODC) នឹងផ្តល់នូវការបណ្តុះបណ្តាល និងសម្ភារមួយចំនួន ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីទប់ស្កាត់ បទល្មើសគ្រឿងញៀន និងបទឧក្រិដ្ឋផ្សេងៗទៀត នៅតាមព្រលានយន្តហោះអន្តរជាតិ កំពង់ផែ និងច្រកចេញចូលនានា នៅប្រទេសកម្ពុជា។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីកិច្ចជំនួបជាមួយ អ្នកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) អ្នកសម្របសម្រួលគម្រោង AIRCOP Global នៃការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿង និងឧក្រិដ្ឋកម្ម (UNODC) នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានលើកឡើងថា ខាង UNODC ដែលជាអង្គការសហការ ជាមួយនិងគយពិភពលោក នគរបាលអន្តរជាតិ គេនឹងជួយដល់ភាគីកម្ពុជា ក្នុងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញផ្សេងៗ ក្នុងការកំណត់អត្តសញ្ញាណជនសង្ស័យ ដែលបានប្រព្រឹត្តនូវបទឧក្រិដ្ឋនានា ហើយឆ្លងកាត់តាមព្រលានយន្តហោះ តាមច្រកកំពង់ផែ និងច្រកព្រំដែនផ្សេង។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា អង្គការ UNODC នេះ គឺបានសហការជាមួយប្រទេស នៅលើពិភពលោកជាង៣០ ហើយនៅថ្ងៃនេះ គេបានមកប្រទេសកម្ពុជា ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការ ហើយក៏នឹង សម្រេចចុះកិច្ចព្រមព្រៀង នាពេលខាងមុខនេះផងដែរ ដើម្បីធ្វើយ៉ាងណា ឲ្យកិច្ចសហប្រតិបត្តិការទប់ស្កាត់នូវគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរនូវសត្វព្រៃ កាន់តែមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកស្រី ស៊ែលស៊ីលី ប្លូណែត (Cecile Plunet) បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលត្រូវបានជនល្មើសលួចឆ្លងកាត់ នូវគ្រឿងញៀន និងបទល្មើសផ្សេងៗ ជាក់ស្តែង កាលពីកន្លងទៅថ្មីៗនេះ នគរបាល និងគយកម្ពុជា បានចាប់បានជាច្រើន នូវគ្រឿងញៀន និងផ្លុកដំរី តាមព្រលានយន្តហោះ និងកំពង់ផែ ដែលឈ្មួញទុច្ចរិត បានយកមកពីប្រទេសផ្សេង ហើយឆ្លងកាត់មកកម្ពុជា។
អ្នកស្រី បានបន្តថា UNODC នឹងខិតខំព្យាយាមបន្ថែមទៀត ជាមួយភាគីកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ នូវបទល្មើសទាំងនេះ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត រួមទាំងស្នើឲ្យមន្រ្តីជំនាញកម្ពុជា ផ្លាស់ប្តូរបទពិសោធន៍ទាក់ទង នឹងបញ្ហានេះ នៅតាមប្រទេសដែលជាដៃគូរផងដែរ ។
សូមរំលឹកថា ប្រទេសជាង៣០ ដែលរួមសហការ តាមរយៈអង្គការ UNODC នេះ គឺមានប្រទេសនៅក្នុងតំបន់អាហ្វ្រិក អាមេរិកឡាទីន កូឡាំប៊ី អាស៊ីអាគ្នេយ៍ជាដើម៕