(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះកម្ពុជា និងចិន បានរៀបចំពិធី ចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេកកម្ពុជា ទៅកាន់ប្រទេសចិន ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីនេះចុះហត្ថលេខាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Xiong Bo ឯកអគ្គរដ្ឋទូត ប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រោមអធីបតីភាពលោក ហោ ណាំហុង ឧបនាយក រដ្ឋមន្រ្តី និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការចុះពិធីសារនេះ គឺជាការឆ្លើយតប របស់ភាគីចិន តាមសំណើរបស់ភាគីកម្ពុជា តាមរយៈក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចាប់ផ្តើមចរចាទីផ្សារ ជាមួយភាគីចិនឡើងវិញ តាមរយៈការ រៀបចំផែនការ ការងារសម្រាប់រៀបចំ ពិធីសារនាំចេញផ្លែចេកកម្ពុជា ទៅកាន់ប្រទេសចិន និងបានឯកភាពគ្នាលើសេចក្តីព្រាង កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤កន្លងទៅ នៅសហភាពមីយ៉ាន់ម៉ា។
គួររំលឹកថា កាលពីនៅថ្ងៃទី២៥ ដល់ ២៦ខែមីនា ឆ្នាំ២០១៨ អតីតអគ្គរដ្ឋបាលត្រួតពិនិត្យ គុណភាព អធិការកិច្ច និងចត្តាឡីស័ក នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញអ្នកជំនាញក្រសួងកសិកម្មកម្ពុជា ទៅចូលរួមកិច្ចប្រជុំ ពិគ្រោះយោបល់បច្ចេកទេស ដើម្បីបញ្ចប់សេចក្តីព្រាងពិធីសារ ស្តីពីតម្រូវការភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ប្រទេសចិន ជាមួយអតីតអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក នៅទីក្រុងប៉េកាំង
ក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់បច្ចេកទេសនោះ ភាគីទាំង២ បានសន្យាគ្នាថា ភាគីទាំងពីរនឹងកំណត់ពេលវេលា និងកន្លែងសម្រាប់ចុះហត្ថលេខាពិធីសារខាងលើនេះ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការ ច្របាច់បញ្ចូលគ្នា រវាងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក ជាមួយអគ្គរដ្ឋបាលគយចិន និងមានថ្នាក់ដឹកនាំអគ្គរដ្ឋបាលគយថ្មី។
ទន្ទឹមនឹងនេះ ដោយផ្អែកលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម រវាងក្រសួងកសិកម្មកម្ពុជា ជាមួយក្រសួងកសិកម្មចិន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ និងអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការអនាម័យ និងភូតគាមអនាម័យ រវាងក្រសួងកសិកម្ម ជាមួយនឹងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ក្រសួងកសិកម្មកម្ពុជា បានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងការចរចាជាមួយភាគីចិន ដើម្បីជំរុញឲ្យផលិតផលកសិកម្ម បាននាំចូលទៅកាន់ទីផ្សារចិន។
ជាលទ្ធផល ពិធីសារមួយចំនួន ត្រូវបានចុះហត្ថលេខារួមមាន៖
១៖ ពិធីសារស្តីពីការនាំផលិតផលដំឡូងមីកម្ពុជា ទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក(AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។
២៖ ពិធីសារស្តីពីការនាំអង្ករកម្ពុជា ទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ។
៣៖ ពិធីសារស្តីពីការនាំអង្ករចេញទៅកាន់ប្រទេសចិន រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) នៃប្រទេសចិន ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។
ជាមួយនឹង លទ្ធផលដែលទទួលបានបន្ថែមនាថ្ងៃនេះ ភាគីកម្ពុជា បាននិងកំពុងបន្តស្នើសុំទៅភាគីចិន ឲ្យពិនិត្យលទ្ធភាព និងពន្លឿនការងារបន្ថែម ក្នុងការនាំចូលនូវផលិតផល កសិកម្មចាំបាច់មួយចំនួនទៀត ទៅកាន់ទីផ្សារចិន ដូចជា៖ ផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែផូង និងសំបុកទឹកមាត់ត្រចៀកកាំ សម្រាប់ធ្វើការនាំចេញ ទៅប្រទេសចិនជាបន្តទៀត។
សូមបញ្ជាក់ថា ផលិតផលកសិកម្មកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន នាឆ្នាំ២០១៧ មានអង្ករមានចំនួនជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀម និងម្សៅសរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣,៣៤០តោន ស្ករអំពៅមានចំនួន ១៤.៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត៕