(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ សូមឲ្យមានការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ នារដូវទឹកជំនន់ឡើងខ្លាំងនេះ និងសូមប្រុងប្រយ័ត្នចំពោះសត្វពស់ ក៏ដូចជាសត្វអសិរពិសនានាចឹក។
បើតាមលោកអភិបាលខេត្ត ក្នុងករណីមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាលភ្លាមៗផងដែរ។
ការអំពាវនាវរបស់លោកអភិបាលខេត្ត ធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ និងស្របពេលដែលខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង ជិតដល់ចំណុចប្រកាសអាសន្នក្នុងខេត្តកំពង់ចាម។
ក្នុងពេលទឹកជំនន់កំពុងហក់ឡើងយ៉ាងគំហុកនេះ លោក គួច ចំរើន បានដឹកនាំប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធជុំវិញខេត្ត និងបានត្រៀមលក្ខណៈជាស្រេចដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកតូច-ធំ ដើម្បីធ្វើការរំដោះទឹកតាមប្រព័ន្ធលូចេញពីក្រុងកំពង់ចាម ចូលទៅក្នុងទន្លេវិញ ខណៈកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងជាបន្តបន្ទាប់ជិតដល់ចំណុចប្រកាសអាសន្ន ១៥,២០ម៉ែត្រ។
បើតាមសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គលើ ដែលក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានព្យាករណ៍ថា កម្ពស់ទឹកទន្លេមេគង្គផ្នែកខាងលើ ដែលមានខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ទឹកនឹងអាចស្រកចុះជាបន្តបន្ទាប់បន្ថែមទៀត។ ហើយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ខេត្តកំពង់ចាម ទឹកអាចបន្តកើនឡើងបន្តិចបន្ថែមទៀត មុននឹងចាប់ផ្ដើមស្រកចុះ នៅថ្ងៃទី០៤ ខែសីហានេះ ចំពោះទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប ទឹកអាចនឹងបន្តកើនឡើងសន្សឹមៗ ក្នុងរយៈពេល១-២ថ្ងៃបន្ថែមទៀត។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ចាម ចាប់គិតត្រឹមថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបានហក់ឡើង ក្នុងមួយយប់ជិត០២តឹក ធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម កើនឡើងកម្ពស់១៥,០២ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ ឡើង០,១៧ម៉ែត្រ គឺធំជាងឆ្នាំមុនដែលមានកម្ពស់ទឹកត្រឹមតែ១៤,៥៧ម៉ែត្រប៉ុណ្ណោះ ខណៈដែលកម្រិតកម្ពស់ទឹកត្រូវប្រកាស ឲ្យមានការប្រុងប្រយ័ត្ន គឺ១៥,២០ម៉ែត្រ៕