(រតនគិរី)៖ លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានចេញសារថ្លែងអំណរគុណជូន ចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់សាខាទាំងអស់នៅក្នុងខេត្ត ដែលបានរួបរួមសាមគ្គីគ្នា និងចេញទៅបោះឆ្នោតលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពិសេសបោះឆ្នោតជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើមាគា៍សន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ។
លិខិតថ្លែងអំណរគុណដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ លោក ថង សាវុន បានបញ្ជាក់ថា លទ្ធផលដែលទទួលបានមកពីការខិតខំប្រឹងប្រែង ការរួបរួមសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ រួមសហការទទួលខុសត្រូវ ស្មារតីម្ចាស់ការរៀងខ្លួន គឺជាប្រពៃណី វប្បធម៌ និងជាចំណុចខ្លាំងរបស់កណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានបន្ថែមថា លទ្ធផលនៃកម្លាំងសាមគ្គីដ៏ធំធេងនេះ បាននាំមកនូវជ័យជម្នះដ៏ច្រើនលើសលុបលើគណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨នេះគួរជាទីមោទនៈ។
លោក ថង សាវុន ក៏បានគូសបញ្ជាក់ថា ជ័យជម្នះនេះ គឺពិតជាបានមកពីការចូលរួមរបស់សមាជិក សមាជិកាគណបក្សខេត្តទាំងអស់មិនអាចកាត់ផ្ដាច់បាន និងបានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីស្មារតីរួបរួមសាមគ្គីរបស់ សមាជិក សមាជិកាសាខាគណបក្សប្រជាជនកម្ពុជាខេត្តទាំងអស់ ហើយក៏ជាជ័យជម្នះរួមរបស់សាមជិកគនបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។
ជាមួយគ្នានេះ លោក ថង សាវុន ក៏បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដរតនគិរី ដែលកន្លងមកបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា សា្មរតី នៅក្នុងបុព្វហេតុគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ដែលបានកន្លងផុតទៅថ្មីៗនេះ៕