(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា បើទោះបីកម្ពុជារៀបចំការបោះឆ្នោតជាតិក្តី ក៏កំឡុងពេលបោះឆ្នោតវិស័យដីធ្លីមិនមានបញ្ហាអ្វីឡើយ ថែមទាំងមានការទិញលក់ច្រើនថែមទៀត ដែលនាំឲ្យប្រាក់ចំណូលរបស់ពន្ធដារ មិនបានធ្លាក់ចុះឡើយ ដែលនេះសបញ្ជាក់ច្បាស់ នៅការជឿជាក់លើស្ថានភាពនយោបាយ របស់អ្នករកស៊ីក្នុងវិស័យដីធ្លី។
ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «មុនបោះឆ្នោតដីនៅតែឡើងថ្លៃ អ្នកខ្លះជំរុញឲ្យទិញដីឲ្យហើយ ព្រោះថាបើមិនទិញពេលនេះទេ បោះឆ្នោតរួចនៅបន្ដឡើងថ្លៃទៀតហើយ។ ចឹងហើយបានជាប្រាក់ចំណូល របស់អគ្គនាយកដ្ឋាពន្ធដារ ក្នុងពេលយុទ្ធនាការបោះឆ្នោត អត់មានការថយចុះអីទាំងអស់»។
ស្ថិរភាពនៃតម្លៃដីនេះ សបញ្ជាក់ពីស្ថានភាពរឹងមាំរបស់កម្ពុជា ដោយមិនបានបង្ករការភ័យខ្លាចទៅលើអ្វីទាំងអស់ ទោះបីស្ថិតក្នុងពេលបោះឆ្នោតក្ដី ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា មិនត្រឹមតែស្ថានភាពវិស័យដីធ្លីប៉ុណ្ណោះទេ ដែលនៅតែដំណើរការល្អ សូម្បីតែការប្រកបរបររកស៊ីប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក៏មានស្ថានភាពល្អផងដែរ មិនដូចកាលពីបោះឆ្នោតអាណត្តិមុននោះឡើយ ដោយសារបាត់វត្តមានរបស់ អតីតគណបក្សសង្គ្រោះជាតិ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «បងប្អូនប្រជាពលរដ្ឋរស់នៅតាមផ្សារ ក៏បានលើកឡើងថា អស់ពួកអាចង្រៃ [អតីតបក្សសង្គ្រោះជាតិ] នេះទៅ អញស្រួលរកស៊ី លក់ដាច់រហូត ដោយមិនចាំបាច់រើតូប គឺមានភាពងាយស្រួលរហូត។ ភាសារបស់ប្រជាពលរដ្ឋ លើកឡើងបែបនេះព្រោះថា កាលពីមុននៅរាល់ពេលបោះឆ្នោត ពួកគាត់រើសពីនេះទៅនោះ ពីនោះទៅនេះ តែការបោះឆ្នោតឆ្នាំនេះ មានភាពស្ងប់ស្ងាត់ល្អណាស់»។
សូមបញ្ជាក់ថា នៅមុនពេលបោះឆ្នោតជាតី ទាំងសម្ដេចតេជោ ហ៊ុន សែន និងអ្នកជំនាញវិស័យអចលនទ្រព្យ ធ្លាប់បានអះអាងថា ឆ្នាំនេះទោះស្ថិតក្នុងឆ្នាំបោះឆ្នោតក្ដី ក៏វិស័យដីធ្លីមិនមានការប្រែប្រួលអ្វីឡើយ មានន័យថា តម្លៃដីធ្លីនៅតែបន្តកើតឡើងទៅមុខជាបន្ដបន្ទាប់ ដោយសារតែប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជឿជាក់ថា គណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស។
ជាមួយគ្នានេះ បើក្រឡែកទៅមើលគម្រោងវិនិយោគនៅឆ្នាំបោះឆ្នោតវិញ គឺនៅតែមានអ្នកវិនិយោគច្រើនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ជាក់ស្តែងនៅពាក់កណ្តាលឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១០៦គម្រោង ដែលក្នុងនោះមានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន០៩។
ទុនវិនិយោគសរុប នៃគម្រោងដែលត្រូវបានអនុម័តទាំងនេះ មានចំនួនប្រមាណ ៣,៥០០លានដុល្លារអាមេរិក ដែលបង្កើតការងារ បានប្រមាណជិត១០ម៉ឺនកន្លែង។ តួលេខវិនិយោគនេះ បានបង្ហាញឱ្យឃើញនូវនិន្នាការនៃការវិនិយោគ ដែលមានការកើនឡើង នៅក្នុងឆមាសទី១ ឆ្នាំ២០១៨នេះ ដោយមិនមានសញ្ញានៃការរារែក ឬការបង្អែរបង្អង់ក្នុងការបណ្តាក់ទុនវិនិយោគឡើយ៕