(ភ្នំពេញ)៖ ការបោះឆ្នោតជាតិជ្រើសតំណាងរាស្ត្រ អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ អាណត្តិនេះ អាសនៈរដ្ឋសភាត្រូវបានបង្កើនឡើង២ថែមទៀតនៅខេត្តព្រះសីហនុ ដែលធ្វើឱ្យអាសនៈសរុបកើនដល់១២៥។ មានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង និងមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតសរុប ៦,៩៤៦,១៦៤នាក់ ស្មើនឹង៨២.៨៩ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ៨,៣៨០,២១៧នាក់ ក្នុងនោះមានតែសន្លឹកឆ្នោតចំនួន ៦,៣៤៩,៣៨៩ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាសន្លឹកឆ្នោតបានការ។
បើទោះបីជាដឹងលទ្ធផលសំឡេងឆ្នោតក៏ដោយ ប៉ុន្តែរហូតដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមិនទាន់បង្ហាញអំពីចំនួនបឋម ឬផ្លូវការ នៃចំនួនអាសនៈដែលគណបក្សនីមួយៗទទួលបាននៅឡើយទេ ដោយទុកពេលធ្វើការគណនាតាមរូបមន្តដែលកំណត់ដោយច្បាប់ ហើយសន្យាប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ និងប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ប្រសិនណាបើពុំមានពាក្យបណ្តឹងតវ៉ាចំពោះការបោះឆ្នោតទេនោះ។
តើការគណនារកចំនួនអាសនៈរដ្ឋសភា សម្រាប់គណបក្សនីមួយៗធ្វើឡើងដោយវិធីណា? មានប៉ុន្មានដំណាក់កាល? Fresh News សូមលើកយកច្បាប់មកធ្វើការបង្ហាញដូចតទៅ៖
ការកំណត់ចំនួនអាសនៈ របស់គណបក្សនយោបាយនៅក្នុងរដ្ឋសភា ត្រូវអនុវត្តទៅតាមមាត្រា១៣៥ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលមណ្ឌលនីមួយៗត្រូវអនុវត្តតាមរូបមន្តជាជំហានៗដូចជា ១. កំណត់ចំនួន «កូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ» សម្រាប់មណ្ឌលនីមួយៗដាច់ដោយឡែកពីគ្នា ២. ការកំណត់ចំនួន «អាសនៈបឋម» ដែលគណបក្សនីមួយៗទទួលបានក្នុងមណ្ឌលនីមួយៗ ៣. ការបែងចែកចំនួនអាសនៈដែលនៅសល់ក្នុងមណ្ឌលបោះឆ្នោត តាមមធ្យមភាគខ្ពស់ជាងគេជាដើម។
* ការគណនាក្នុងជំហានទី១៖ ការកំណត់ចំនួន «កូតានៃសន្លឹកឆ្នោតក្នុងមួយអាសនៈ»។ ដំណាក់កាលនេះគេត្រូវរក «កូតាសន្លឹកឆ្នោតក្នុង១អាសនៈ» ឬតម្លៃសន្លឹកឆ្នោតក្នុង១អាសនៈ នៅតាមមណ្ឌលបោះឆ្នោតនីមួយៗ ដែលមណ្ឌលបោះឆ្នោតទាំងអស់នឹងមានតម្លៃនេះមិនដូចគ្នាទេ។ កូតាសន្លឹកឆ្នោតក្នុង១អាសនៈ» ឬតម្លៃសន្លឹកឆ្នោតក្នុង១អាសនៈ មានន័យថា តើ១អាសនៈនៅក្នុងមណ្ឌលបោះឆ្នោត ស្មើនឹងសន្លឹកឆ្នោតចំនួនប៉ុន្មាន។ ដើម្បីរកតម្លៃសន្លឹកឆ្នោតក្នុង១អាសនៈនេះ គេត្រូវយកចំនួនសន្លឹកឆ្នោតបានការសរុបនៅក្នុងមណ្ឌលបោះឆ្នោតនោះ ចែកនឹងចំនួនអាសនៈកំណត់នៅក្នុងមណ្ឌលបោះឆ្នោតនោះ ដោយមិនគិតពីសំណល់ចែក។
រូមមន្តនៃការគណនាក្នុងជំហានទី១ គឺ៖ កូតាសន្លឹកឆ្នោតក្នុង១អាសនៈ = (សន្លឹកឆ្នោតបានការក្នុងមណ្ឌល៖ អាសនៈសរុបនៅក្នុងមណ្ឌល)
ឧទាហរណ៍ដូចជា បើនៅក្នុងមណ្ឌលរាជធានីភ្នំពេញ មានអាសនៈសរុបចំនួន១២ ហើយសន្លឹកបានការក្រោយការបោះឆ្នោតមានចំនួន ៥៨៩,០២៧ នោះតម្លៃ ឬកូតានៃសន្លឹកឆ្នោតក្នុង១អាសនៈសម្រាប់រាជធានីភ្នំពេញ គឺស្មើនឹង ៥៨៩,០២៧ ចែកនឹង១២ ដែលស្មើនឹងមានចំនួន ៤៩,០៨៥។ ដូច្នេះ តម្លៃ ឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈសម្រាប់មណ្ឌលរាជធានីភ្នំពេញ នៅជុំទី១គឺ ៤៩,០៨៥សំឡេង។
* ជំហានទី២៖ បន្ទាប់ពីរកឃើញ តម្លៃ ឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈសម្រាប់មណ្ឌលបោះឆ្នោត នៅជុំទី១ហើយនោះ គឺត្រូវអនុវត្តតាមជំហានទី២ ដែលត្រូវគណនារកចំនួនអាសនៈបឋមរបស់គណបក្សនីមួយៗ ដែលទទួលបាននេះសិន។ ការគណនារកចំនួនអាសនៈបឋមរបស់គណបក្សនីមួយៗ គឺអាស្រ័យលើសំឡេងឆ្នោតបានការ ដែលគណបក្សនយោបាយនីមួយៗក្នុងមណ្ឌលនោះទទួលបាន ដោយយកចំនួន សន្លឹកឆ្នោតបានការសរុបដែលគណបក្សនីមួយៗក្នុងមណ្ឌលនោះទទួលបាន ចែកនឹងចំនួនតម្លៃឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈសម្រាប់មណ្ឌលបោះឆ្នោតនោះ។
រូបមន្តគឺ៖ អាសនៈបឋម= (ចំនួនសន្លឹកឆ្នោតដែលបានបោះឲ្យគណបក្សមួយ ៖ កូតាសន្លឹកឆ្នោតក្នុងមួយអាសនៈ)
ឧទាហរណ៍៖ ប្រសិនបើនៅក្នុងមណ្ឌលរាជធានីភ្នំពេញ CPP ទទួលបានសំឡេងគាំទ្រសរុប ៤៥៩,៤៩៤នោះ។ ដើម្បីកំណត់អាសនៈបឋមរបស់ CPP គេត្រូវយកសំឡេង ៤៥៩,៤៩៤នេះ ទៅចែកនឹង ៤៩,០៨៥ ដែលជាតម្លៃឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈនៅក្នុងមណ្ឌលភ្នំពេញ ដោយមិនគិតពីសំណល់ចែក។ ដូច្នេះបន្ទាប់ពីចែករួច គណបក្ស CPP ត្រូវទទួលបានអាសនៈបឋមចំនួន៩ នៅរាជធានីភ្នំពេញ។ ចំណែកឯការរកចំនួនអាសនៈបឋមរបស់គណបក្សដទៃទៀតក្នុងមណ្ឌល គឺត្រូវអនុវត្តដូចគ្នា ដែលត្រូវយកសំឡេងសរុបរបស់បក្សនោះនៅមណ្ឌលរាជធានីភ្នំពេញ ចែកនឹង តម្លៃឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈនៅក្នុងមណ្ឌលភ្នំពេញដូចគ្នា។ នេះមានន័យថា សម្រាប់តែនៅមណ្ឌលរាជធានីភ្នំពេញនេះ បើបក្សណាមួយមានសំឡេងក្រោម តម្លៃឬកូតាសន្លឹកឆ្នោតក្នុង១អាសនៈ (៤៩,០៨៥) នឹងមិនទទួលបានអាសនៈបឋមនេះទេ គឺត្រូវរង់ចាំពិនិត្យមើលការគណនានៅជុំទី៣បន្តទៀត។
* ជំហានទី៣៖ បន្ទាប់ពីគណនារកឃើញចំនួនអាសនៈបឋមជូនគណបក្សនីមួយៗហើយនោះ ប្រសិនបើមណ្ឌលណាមួយនៅសេសសល់អាសនៈពីការបែងចែកបឋមនេះ គេត្រូវធ្វើការបែកចែកឱ្យគណបក្សនយោបាយដែលមានមធ្យមភាគខ្ពស់ជាងគេបន្តទៀត ទោះបីជាគណបក្សនោះបានទទួលអាសនៈពីការបែកចែកជុំទី២ ឬមិនទាន់ទទួលបានក៏ដោយ។ ការគណនារក មធ្យមភាគខ្ពស់ជាងគេ សម្រាប់ការបែងចែកអាសនៈសេសសល់សម្រាប់ជុំទី៣នេះ គឺត្រូវរកចំនួន «មធ្យមភាគ» របស់គណបក្សនីមួយៗដែលទទួលបានសំឡេងឆ្នោតបានការ ដើម្បីយកមកប្រៀបធៀបគ្នា តាមរយៈការអនុវត្តរូបមន្តដូចខាងក្រោម៖
មធ្យមភាគគណបក្សមួយ = សំឡេងសន្លឹកឆ្នោតបានការរបស់គណបក្សមួយនោះ (ចែក) នឹងចំនួនអាសនៈរបស់បក្សដដែលនោះ + ១
ឧទាហរណ៍៖ ដើម្បីគណនាចំនួនមធ្យមភាគក្នុងជុំទី៣ ប្រសិនបើនៅមណ្ឌលរាជធានីភ្នំពេញ CPP ទទួលបានសំឡេងសន្លឹកឆ្នោតបានការ ៤៥៩,៤៩៤ និងទទួលបានអាសនៈពីការបែងចែកបឋម ៩អាសនៈ។ លើកនេះគេត្រូវយកសំឡេងសន្លឹកឆ្នោតបានការរបស់ CPP ចំនួន៤៥៩,៤៩៤នេះ ចែកនឹង១០អាសនៈវិញម្តង ដោយចំនួន១០អាសនៈ បានមកពីយក៩អាសនៈរបស់ CPP បូកនឹង១ថែមទៀតតាមច្បាប់កំណត់ ដែលធ្វើឱ្យចំនួនមធ្យមភាគរបស់ CPP ចុះមកចំនួន៤៥,៩៤៩វិញ។ ហើយប្រសិនបើគណបក្សណាមួយ ក្នុងចំណោមគណបក្ស២០ មានមធ្យមភាគសន្លឹកឆ្នោតបានការលើសពីចំនួន (៤៥,៩៤៩) មានន័យថា (មានមធ្យមភាពលើសគេបំផុត) នឹងទទួលបានមួយអាសនៈ។
រូបមន្តបែងចែកមធ្យមភាគនេះ នឹងត្រូវអនុវត្តចំពោះគ្រប់គណបក្សនយោបាយ ដែលទទួលបានសំឡេងពីការបោះឆ្នោត។ បើសិនការបែងចែកក្នុងជុំទី៣នេះហើយ មណ្ឌលបោះឆ្នោតដដែលនោះ នៅតែសេសសល់អាសនៈទៀត គឺត្រូវអនុវត្តរូបមន្តនេះបន្តបន្ទាប់រហូតដល់អស់អាសនៈតែម្តង។ ឧទាហរណ៍បើសិនជា ក្រោយការបែកចែកជុំទី៣ហើយ CPP ទទួលបាន១០អាសនៈនោះ នៅពេលបែកចែកបន្តទៀតផលចែករបស់ CPP ត្រូវស្មើនឹងអាសនៈដែលខ្លួនមានបូក១បន្ថែម គឺស្មើនឹង ១០+១ យកទៅចែកនឹងសន្លឹកឆ្នោតបានកររបស់ខ្លួន ដើម្បីរកឃើញមធ្យមភាគសម្រាប់ប្រៀបធៀបជាមួយគណបក្សដទៃ។
* សម្រាប់មណ្ឌលផ្សេងទៀតគឺអនុវត្តជាបន្តបន្ទាប់ដូចគ្នា៕