(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានប្រកាសជាថ្មីម្ដងទៀត ដោយព្រមានមិនលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ី ជាដាច់ខាតរឿងចោទប្រកាន់ភរិយារបស់សម្ដេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនប្រុសរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត ជាជនជាតិវៀតណាម និងកូនរបស់មេដឹកនាំវៀតណាម។
ការប្រកាសបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់មកពីតាមរោងចក្រ និងសហគ្រាសនានា នៅខណ្ឌមានជ័យ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ត្រកូលហ៊ុន មិនយោគយល់ ឬមិនអនុគ្រោះឲ្យទណ្ឌិត សម រង្ស៊ីនោះទេ ហើយសំណុំរឿងប្រមាថកិត្តិយសដ៏ធ្ងន់មួយនេះ ក៏មិនបញ្ចប់ទៅដោយងាយៗនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រឿងសំណុំរឿងមួយនេះ អ្នកឯងមិនចប់ទេជាមួយខ្ញុំ។ ត្រកូលហ៊ុនមិនយោគយល់ មិនអនុគ្រោះ ឲ្យអ្នកឯងនោះទេ លើកមុនខ្ញុំដាក់កំណត់ឲ្យអ្នកឯងធ្វើការសុំទោស ដោយសារអ្នកឯងចោទប្រពន្ធខ្ញុំថា ជាស្រីវៀតណាម ហើយជាប្រពន្ធរបស់ មេដឹកនាំវៀតណាម ប្រគល់មកឲ្យហ៊ុន សែន ហើយកើតមានហ៊ុន ម៉ាណែតនេះ ដែលគេហៅថា ហ៊ុន ម៉ាណែត ថ្ងៃក្រោយក្លាយទៅជានាយករដ្ឋមន្ដ្រីបន្ដពី ហ៊ុន សែន ដែលគេវៃបន្ដតាំងពីឥលូវទៅហើយ»។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់បន្ថែមថា សំណុំរឿងមួយនេះ នៅក្នុងបណ្ដាញសង្គម Youtube នៅមានប៉ុន្មានឃ្លឹបទៀតឯណោះ ដែលគេបានបង្ហោះចែកចាយ ដើម្បីបង្ខូចកិត្តិយសក្រុមគ្រួសាររបស់សម្ដេច។
សម្ដេចតេជោ ក៏បានសម្ដែងនូវការហួសចិត្តថា សង្គ្រាមមិនបញ្ចប់នោះទេ ពោលវាត្រូវតែផ្ទុះឡើង ព្រោះគេទ្រាំមិនបានរឿងទណ្ឌិត សម រង្ស៊ី ដើរចោទគេចោទឯងថាជាជនជាតិវៀតណាម ហើយក្នុងឋានៈសម្ដេចជាប្ដី និងជាឪពុកផងដែរនោះ ដាច់ខាតត្រូវតែរក្សាកិត្ដិយសរបស់ប្រពន្ធកូនខ្លួនឯង។
នាយករដ្ឋមន្ដ្រីនៃកម្ពុជារូបនេះ ក៏ឆ្លៀតរំលឹកបន្ដដែរថា ក្រុមរបស់អតីតបក្សប្រឆាំងតែងតែដើរដុតរោលនូវគ្រប់បញ្ហាទាំងអស់ ពិសេសគឺទណ្ឌិត សម រង្ស៊ី ដែលកំពុងតែរត់ចោលស្រុកនេះតែម្ដង ដែលទាំងអស់នេះវាសមហេតុផលហើយ ដែលតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា៕