(ភ្នំពេញ)៖ ដើម្បីក្រើនរំឭកពីស្មារតីបម្រើប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់សមាជិកគណបក្សប្រជាជន ក៏ដូចជាមន្ត្រីរាជការពាក់ព័ន្ធទាំងអស់ ត្រូវចុះទៅតាមមូលដ្ឋានរបស់ខ្លួនវិញ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ហើយត្រូវតែធ្វើឱ្យបានល្អ និងមានប្រសិទ្ធភាពជាងមុន ពិសេសគឺបញ្ហាគ្រោះទឹកជំនន់។
អនុសាសន៍នេះក៏ជាការដាស់តឿនមួយដែលសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅកាន់មន្ត្រីក្រោមឱវាទ ក្រោយការបោះឆ្នោតទើបតែបញ្ចប់ ខណៈជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅក្នុងខណ្ឌមានជ័យ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាគ្មានទម្លាប់ចប់ពេលបោះឆ្នោតហើយ បាននាំគ្នាចុះទៅបម្រើប្រជាពលរដ្ឋឡើយ ពោលគឺនៅតែបន្តធ្វើជាប់ជាប្រចាំ ហើយខណៈនេះដែរប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ក៏កំពុងជួបប្រទះនូវគ្រោះមហន្តរាយដោយសារទឹកជំនន់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវចំពោះសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ បន្ទុកយើងកាន់តែធ្ងន់មួយជាពីរ សម្រាប់អាណត្តិទី៦នេះ ត្រូវខិតខំបម្រើប្រជាជនដោយស្មោះត្រង់បំផុត ត្រូវធ្វើជាខ្ញុំបម្រើប្រជាជនដោយស្មោះត្រងបំផុត ប្រជាជនបានផ្ដល់ការជឿទុកចិត្តទៅលើ គណបក្សប្រជាជនកម្ពុជា ដូច្នេះមិនត្រូវការបង្កើតរាជរដ្ឋាភិបាលថ្មីឡើយ។ ចាប់ពីឥលូវទៅ ត្រូវបកត្រឡប់ទៅមូលដ្ឋានវិញ បម្រើប្រជាជន ដោះស្រាយបញ្ហាឱ្យប្រជាជននៅក្នុងពេលនេះ នៅតំបន់ខ្លះកំពុងលិចលង់ដោយជំនន់ទឹកភ្លៀង ឬដោយទឹកជំនន់ទន្លេមេគង្គ ប្រជាជនកំពុងត្រូវការសេវាសាធារណៈ កំពុងត្រូវការនេះត្រូវការនោះ ដូច្នេះយើងមិនត្រូវអង្គុយគិតថាឈ្នះហើយ ហើយជិះសេះលែងដៃ ប្រព្រឹត្តអំពើគប្បីណាមួយចំពោះប្រជាពលរដ្ឋនោះទេ»។
ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ទៀតថា ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៥ និងជាអនាគតនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៦ សម្ដេចសូមអំពាវនាវ និងដាស់តឿនចំពោះសមាជិកគណបក្សប្រជាជនកម្ពុជា និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវចុះបម្រើប្រជាជនឱ្យបានល្អជាងមុន ទូលាយជាងមុន មានប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនច្រើនជាងមុន។
ចំពោះសម្ដេចផ្ទាល់ សម្ដេចបានអះអាងថា សម្ដេចមិនដែលខកខានក្នុងការបម្រើប្រជាពលរដ្ឋក្នុងពេលវេលាណាមួយ ហើយចាំដល់ពេលបោះឆ្នោតទើបយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនោះទេ។
ជាការពិតណាស់ មិនមែនតែប្រទេសជិតខាងនោះឡើយ ប្រទេសកម្ពុជាក៏កំពុងទទួលរងនូវគ្រោះមហន្តរាយដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គផងដែរ ដោយបង្កឱ្យប្រជាពលរដ្ឋនៅបណ្ដាខេត្តមួយចំនួនដែលនៅជាប់ដងទន្លេមេគង្គ និងខេត្តដទៃទៀត កំពុងជួបគ្រោះទឹកជំនន់នេះ។ ដូច្នេះចាំបាច់ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋឱ្យបានដិតដល់ និងគ្រប់ជ្រុងជ្រោយ៕