(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន និងជាអនាគតនាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងបញ្ជាក់ថា សម្តេចគ្រោងនឹងដាក់ចេញនូវគោលការណ៍ថ្មីមួយទៀត សម្រាប់សម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ដោយនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋជិះរថភ្លើង ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និង បុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលា បងប្អូនប្រជាពលរដ្ឋ តែងតែសម្រុកទៅស្រុកកំណើត ជួបជុំឪពុកម្តាយ ក្រុមគ្រួសារ និងសាច់ញាតិ។
ការគ្រោងគោលការណ៍ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកនេះបានបន្តអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្តេចនឹងស្នើឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group ដែលទទួលបានសិទ្ធិក្នុងការវិនិយោគ លើការដឹកជញ្ជូនតាមផ្លូវដែកក្នុងប្រទេសកម្ពុជា កុំឲ្យយកលុយពីប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមផ្លូវដែកពីភ្នំពេញ ទៅក្រុងព្រះសីហនុ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងចូលមកដល់ក្នុងថ្ងៃខាងមុខផងដែរ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនឹងចរចាជាមួយលោកឧកញ៉ា គិត ម៉េង បន្តទៀត ដើម្បីត្រៀមឲ្យគាត់កុំយកលុយក្នុងរយៈពេលភ្ជុំបិណ្ឌ រវាងផ្លូវមួយខ្សែពីភ្នំពេញ ទៅព្រះសីហនុ សម្រាប់ផ្លូវដែក។ ខ្ញុំនឹងស្នើគាត់យ៉ាងហោចណស់៣ ឬ៤ថ្ងៃចុះ។ អាខាងនោះ [ភ្នំពេញ-បន្ទាយមានជ័យ] ប៉ុន្តែអាខាងនេះ [ភ្នំពេញ-ព្រះសីហនុ] គឺគាត់កំពុងតែយកលុយ ពេលហ្នឹងគឺសុំគាត់កុំយកលុយតែម្តង ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរតាមរថភ្លើង»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា «រៀងរាល់ពេលចូលឆ្នាំ រៀងរាល់ពេលភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលត្រូវចរចាជាមួយក្រុមហ៊ុនដឹកជញ្ជូន ត្រូវដាក់រថភ្លើងឲ្យពួកគាត់ [ប្រជាពលរដ្ឋ] ជិះដោយឥគិតថ្លៃ បន្ថែមលើការបញ្ចេញរថយន្តក្រុងដឹកជញ្ជូនជូនពួកគាត់ ដូច្នេះក្រុមហ៊ុនដឹកជញ្ជូនដែលធ្លាប់ដំឡើងថ្លៃ នឹងលែងហ៊ានដំឡើងថ្លៃទៀតហើយ»។
សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់កម្មករ កម្មការិនីផងដែរថា សម្តេចអនុញ្ញាតបានឲ្យប្រជាពលរដ្ឋ អាចជិះនាវាដឹកអ្នកដំណើរពីឫស្សីកែវ ដល់ក្រុងតាខ្មៅ ក៏ដូចជាការជិះរថភ្លើងពីភ្នំពេញ ទៅប៉ោយប៉ែត ដោយឥតគិតថ្លៃរហូតដល់ដាច់ឆ្នាំ២០១៨។ ការអនុញ្ញតនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត៕