(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដ៏ហានក្លាក្នុងការការពារសន្តិភាពជូនប្រជាពលរដ្ឋខ្មែរជាង២០ឆ្នាំមកនេះ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនៅទូទាំងប្រទេស ដែលបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ជាង៨២ភាគរយនេះ គឺជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីនៅទូទាំងប្រទេស ដែលបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ ៨២.៨៩ភាគរយនេះ គឺជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំណាមួយនោះឡើយ។ ការចេញទៅបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ គឺជាបរាជ័យនៃយុទ្ធនាការ «ម្រាមដៃស្អាត» និង «ដេកផ្ទះឈ្នះឯង» របស់ក្រុមប្រឆាំងនៅក្រៅប្រទេស។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «អរគុណប្រជាជនកម្ពុជានៅទូទាំងប្រទេស កម្មករ-កម្មការិនីដែលបានចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅបោះឆ្នោត។ ចំណុចនេះមានអត្ថន័យធំធេងណាស់សម្រាប់កម្ពុជា ដោយសារតែវាពាក់ព័ន្ធជាមួយនឹងយុទ្ធនាការម្រាមដៃស្អាត ដេកផ្ទះឈ្នះឯង។ យុទ្ធនាការដេកផ្ទះឈ្នះឯង ត្រូវបានបរាជ័យរួចទៅហើយ ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាង៨២% បានចេញទៅបោះឆ្នោត បង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជារបស់យើងគាំទ្រនូវដំណើរការប្រជាធិបតេយ្យរបស់ខ្លួនពេញលេញ»។
សម្ដេចតេជោបានបន្តថា អ្នកដែលបានធ្វើយុទ្ធនាការ «ម្រាមដៃស្អាត» និង «ដេកផ្ទះឈ្នះឯង» ហើយចាត់ទុកថាជាផ្នែកមួយនៃការធ្វើប្រជាមតិនោះ គឺជាអំពើល្ងង់មួយក្នុងចំណោមអំពើល្ងង់ជាច្រើនរបស់ក្រុមប្រឆាំង។ សម្ដេចថា ការប្រកាន់ចរិតឫកពាបែបនេះ មិនអាចដឹកនាំនយោបាយ និងប្រទេសមួយបានឡើយ។
សម្ដេចបានបន្ថែមទៀតថា ក្រុមប្រឆាំងស្មានខុសថា សន្លឹកឆ្នោតដែលប្រជាពលរដ្ឋធ្លាប់បោះឱ្យគេ គឺជាកម្មសិទ្ធិផ្ដាច់មុខរបស់គេ តែធាតុមិនដូច្នោះឡើយ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់ពីអ្វីដែលហៅថា «ប្រជាធិបតេយ្យ»។ ប្រជាពលរដ្ឋបានចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនឱ្យបន្តដឹកនាំប្រទេសតទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំមានការរើសអើង ឬលាបពណ៌ដាក់គ្នារវាងអ្នកដែលបានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោត ហើយសម្តេចតេជោបានអះអាងថា ជាមួយនឹងការបន្តទទួលបានតំណែងនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មី សម្តេចនឹងបន្តកម្មវិធីចុះជួបជាមួយកម្មករ-កម្មការិនីជារៀងរហូត ដូចការសន្យារបស់សម្តេច។
ការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរជូនគណបក្សប្រជាជនកម្ពុជា មានតម្លៃស្មើនឹងការរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕