(ភ្នំពេញ)៖ ថ្លែងពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា សម័យប្រជុំសភាលើកដំបូងគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ខណៈរាជរដ្ឋាភិបាលអាណត្តិថ្មី នឹងបង្កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨។
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិថ្មីមកពីគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍យ៉ាងដូច្នេះ «ជាការគ្រោងទុកនៃកិច្ចដំណើរការថ្ងៃទី១៩ នឹងត្រូវបើកប្រជុំសភាលើកដំបូងនៅព្រឹកថ្ងៃទី១៩ ហើយល្ងាចថ្ងៃ១៩ ខែកញ្ញា នឹងត្រូវចូលស្បថនៅសភា ចូលកាន់តំណែង [....]។ ព្រឹកថ្ងៃទី២០ នឹងបង្កើតរាជរដ្ឋាភិបាល ល្ងាចថ្ងៃទី២០ ខែកញ្ញា នឹងត្រូវចូលស្បថកាន់តំណែង ហើយថ្ងៃទី២១ ខែកញ្ញា នឹងត្រូវប្រជុំគណៈរដ្ឋមន្ត្រីថ្មីលើកដំបូង»។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានពន្យល់ផងដែរពីមូលហេតុដែលនាំឲ្យមានការពន្យារពេលរហូតដល់ទៅជាងមួយខែក្នុងការបង្កើតរដ្ឋសភាថ្មី ក៏ដូចជារាជរដ្ឋាភិបាលថ្មី ក្រោយពេលលទ្ធផលបោះឆ្នោតត្រូវបានប្រកាសជាផ្លូវការ។ បើតាមសម្តេចតេជោ ហ៊ុន សែន ដូចជានៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ក្រោយពេលលទ្ធផលបោះឆ្នោតប្រកាសភ្លាម គឺគេបង្កើតរដ្ឋាភិបាលភ្លាមៗតែម្តង តែសម្រាប់កម្ពុជា ត្រូវទុកពេលឲ្យមានការប្តឹងតវ៉ាពីគណបក្សនយោបាយនានា ក៏ដូចជាទុកពេលឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោះស្រាយបញ្ចប់នូវវិវាទនានាជាមុនសិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «អីឡូវនេះការបោះឆ្នោតកំពុងតែស្ថិតក្នុងការដោះស្រាយរបស់ គ.ជ.ប បន្ទាប់ពី គ.ជ.ប ដោះស្រាយបញ្ហារួចហើយប្រសិនបើមានបញ្ហាដោះស្រាយមិនបាន នឹងត្រូវប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយរួចហើយទើបបង្វិលបញ្ហានេះឲ្យ គ.ជ.ប រៀបចំពិនិត្យ និងប្រកាសលទ្ធផលផ្លូវការ ហើយបែងចែកអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតផងដែរ។ សម្រាប់កម្ពុជា ត្រូវពន្យាររហូតដល់ខែកញ្ញា ព្រោះទុកលទ្ធភាព ឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោះស្រាយនូវបញ្ហាលើពាក្យបណ្តឹងមួយចំនួនរបស់គណបក្សនយោបាយ»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋកម្ពុជាដែលបានចេញទៅបោះឆ្នោតមានប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។
សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនកម្ពុជាយកអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕