(សិង្ហបុរី)៖ ក្នុងឱកាសជួបពិភាក្សាគ្នានៅឯប្រទេសសិង្ហបុរី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានថ្លែងទៅកាន់រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន យ៉ាងដូច្នេះថា «បរទេសមិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ» បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅប្រទេសកម្ពុជា ទើបតែបានបញ្ចប់ទៅយ៉ាងរលូន នៅចំពោះមុខការរិះគន់ពីប្រទេសមួយចំនួន ដែលចោទប្រកាន់ថា វាបានប្រព្រឹត្តទៅដោយគ្មានសេរីភាព និងយុត្តិធម៌។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែសីហា ឆ្នាំ២០១៨។
នៅក្រោយជំនួបរវាងរដ្ឋមន្រ្តីទាំងពីរ នៅក្រៅវេទិកាកិច្ចប្រជុំអាស៊ានមួយ ដែលប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា ប្រមុខការទូត និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ក៏បានផ្តល់ការអបអរសាទរផងដែរ ចំពោះការបោះឆ្នោតនៅកម្ពុជា ដែលបានដំណើរការទៅយ៉ាងរលូនបំផុត។ នាឱកាសនោះលោក វ៉ាង បានលើកឡើងថា លទ្ធផលនៃការបោះឆ្នោត បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការគាំទ្រជឿទុកចិត្តរបស់ប្រជាជនកម្ពុជា ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
ចំណែកលោក ប្រាក់ សុខុន វិញបានលើកឡើងថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅនេះ បានប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ និងប្រកបដោយតម្លាភាព ហើយប្រជាជនកម្ពុជា បានបោះឆ្នោតឲ្យសុខសន្តិភាពស្ថិរភាព និងការអភិវឌ្ឍជាតិ។ ជាមួយគ្នានេះលោក វ៉ាង ក៏បានបន្តថា ចិននឹងនៅតែបន្តផ្តល់ការជួយជ្រោមជ្រែងថែមទៀតដល់កម្ពុជា ដើម្បីថែរក្សាស្ថិរភាពនិងអភិវឌ្ឍន៍តទៅមុខទៀត៕