(កំពង់ធំ)៖ ក្រុមយុវសិស្សចំនួនជាង៣០នាក់ នៃវិទ្យាស្ថានបច្ចេកទេសកំពង់ឈើទាល បាននាំគ្នាកែច្នៃអត្ថប្រយោជន៍ នៃសំរាមសំបកដបទឹកសុទ្ធ ដែលត្រូវបានប្រើប្រាស់រួច យកមកកាត់តំរៀប ជាទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលនេះ គឺជាកាផ្តួចផ្តើមមួយប្រកបដោយគំនិតច្នៃប្រឌិត ហើយការរៀបឱ្យក្លាយជាទង់ជាតិនេះ គឺបានប្រើរយៈពេលអស់ចំនួន៤ថ្ងៃ ដោយគិតរហូតមកដល់ព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨នេះ គឺបានសម្រេចជាស្ថាពរហើយ។
សំបកដបទឹកសុទ្ធទាំងអស់នេះ គឺអាចនិយាយបានថា គឺជាសំរាមដែលបងប្អូន ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានប្រើប្រាស់រួចហើយ។
យុវសិស្ស ឈ្មោះ ញ៉ឹម វិចិត្ត ជាប្រធានក្រុមដឹកនាំ និងផ្តួចផ្តើមធ្វើការកែច្នៃ សំបកដបទឹកសុទ្ធនេះ បានលើកឡើងថា គោលបំណងធំនៃការធ្វើនេះ គឺជាការបណ្តុះស្មារតី នៃការស្រឡាញ់បរិស្ថាន កាត់បន្ថយភាពរាយប៉ាយនៃសំរាម ទាំងនៅទីប្រជុំជន ទីសាធារណៈ រមណីយដ្ឋាន និងក្នុងសាលារៀន ដែលកន្លងមកតែងតែឃើញមានដបទឹកសុទ្ធ នៅស្ទើរតែគ្រប់ទីកន្លែង ជាពិសេសនោះ គឺបង្ហាញពីភាពសាមគ្គីគ្នាយ៉ាងស្អិតរមួត រវាងសិស្សទាំងអស់គ្នា ក្នុងការជួយទប់ស្កាត់នៃការចោលសំរាម នៅពាសវាលពាសកាល និងបង្កើនការចោលសំរាមនៅក្នុងធុងសំរាម នៅគ្រប់ទីកន្លែងផងដែរ។
ក្នុងនោះដែរ សមាជិកក្នុងក្រុម បានលើកឡើងដែរថា ការមូលមតិគ្នាបង្កើតទង់ជាតិ អំពីសំបកដបនេះ បានធ្វើឱ្យមិត្តសិស្សានុសិស្ស នៅគ្រប់ទីកន្លែង និងអ៉ំ ពូ មីង ដែលបានមកឃើញ ស្នាដៃនេះ មានស្មារតីស្រឡាញ់បរិស្ថានស្អាត ជាពិសេសក្រើនរំលឹក នូវការទុកដាក់សំរាម ប្លាស្ទិច ឱ្យបានត្រឹមត្រូវ និងប្រើប្រាស់សំរាមឡើងវិញទៅតាមប្រភេទសំរាម។
ក្រុមរបស់គាត់បន្តទៀតថា ការបង្កើតនូវទង់ជាតិអំពីដបទឹកសុទ្ធនេះ គឺមានការចូលរួមពីមិត្តភក្តិ ក្នុងសាលាចំនួនជាង ៣០នាក់ ហើយរយៈពេលនៃការធ្វើនេះ អស់រយៈពេល៤ថ្ងៃ និងមានការជួយជ្រោមជ្រែងពីលោកគ្រូ អ្នកគ្រូផងដែរ៕