(ភ្នំពេញ)៖ ក្រុមហ៊ុន Samsung បាននាំយកសម្ភារសិក្សា ទៅជូនដល់សិក្ខាកាមទាំង៨០នាក់ក្នុង វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាការបន្ថែមការ ជួយគាំទ្រ ដ៏មានសារៈសំខាន់ និងចាំបាច់ដល់សិក្ខាកាមទាំងអស់ ខណៈពេលដែលពួកគាត់ កំពុងតែទទួលការបណ្ដុះបណ្ដាលជំនាញ ដែលពួកគេស្រឡាញ់។ ការឧបត្ថម្ភនេះ ធ្វើឡើងបន្ថែមទៅលើ វគ្គបណ្ដុះបណ្ដាល ជំនាន់ទី៥ ដែលសាមសុងសហការ ជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងផ្គត់ផ្គង់បរិក្ខាបច្ចេកទេស ថវិកា អាហារពេញមួយវគ្គបណ្ដុះបណ្ដាលនេះ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។
ក្រៅពីបង្កើតវគ្គបណ្ដុះបណ្ដាល ដែលត្រួសត្រាយមាគ៌ាឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់សិក្ខាកាម សាមសុងបានយកចិត្តទុកដាក់លើភាពងាយស្រួល និងដំណោះស្រាយនានា ដោយផ្ដល់សម្ភារសិក្សាបន្ថែម ដែលនឹងជួយដោះស្រាយ និងបន្ធូរបន្ទុកយ៉ាងច្រើនសម្រាប់ពួកគេ។ ការផ្ដល់ឱកាស និងការបង្កលក្ខណៈងាយស្រួល ជាមួយការឧបត្ថម្ភពេញលេញនេះ នឹងធានាបាននូវភាពជោគជ័យ សម្រាប់សិក្ខាកាមក្នុងការសិក្សា ហ្វឹកហាត់ជំនាញរបស់ខ្លួន។
ថ្លែងក្នុងឱកាសប្រគល់សសម្ភារសិក្ខាដល់សិក្ខាកាម លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុងកម្ពុជា បានថ្លែងថា «យើងចង់ជួយ និងដោះស្រាយបញ្ហាជូនពួកគាត់ ឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដើម្បីធានាថាពួកគាត់ អាចទទួលការបណ្ដុះបណ្ដាល ជាមួយការយកចិត្តទុកដាក់ខ្ពស់ និងអស់ពីលទ្ធភាព ដោយគ្មានបញ្ហាផ្សេងៗមករំខាន។ លោកបន្ថែមទៀតថា «យើងឃើញគាត់ទទួលបានជោគជ័យ និងសម្រេចក្ដីសុបិនរបស់ពួកគាត់»។
កញ្ញា អ៊ា វួចលីម ជានិសិ្សតឆ្នាំទី៣ ផ្នែក ទូរគមនាគមន៍ ដែលកំពុងរៀន នៅក្នុងវគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី៥ ផ្នែកជួសជុលទូរស័ព្ទ បានឲ្យដឹងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ ក្រុមហ៊ុនសាមសុង ដែលបានបង្កើតវគ្គបណ្តុះបណ្តានេះឡើង នៅប្រទេសកម្ពុជា ដើម្បីឲ្យកូនខ្មែរបានយល់ដឹង ពីបច្ចេកវិទ្យាទំនើបៗ របស់សាមសុង ក៏ដូចជាផ្តល់ចំណេះដឹងដ៏ល្អដល់យើងទាំងអស់គ្នា ហើយថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលក្រុមសាមសុងបាននាំយកនូវសម្ភារសិក្សា ជូនដល់ពួកខ្ញុំ ដើម្បីងាយស្រួលដល់ការសិក្សា ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ»។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង ដោយសហការជាមួយវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយ បញ្ហាកង្វះវិស្វករអេឡិកត្រូនិក នៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិក ដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។
គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤ ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត ៣០០នាក់ ហើយដែល សិក្ខាកាមទាំងនេះ បាននិងកំពុងបន្ត ចែកចាយ ចំណេះដឹង របស់គាត់ដល់ប្រជាជនកម្ពុជា រាប់ពាន់នាក់តាមការបង្ហាត់បង្ហាញក្រៅសាលា។ ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន៨០នាក់ ដើម្បីសិក្សាលើជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ។
គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយ ដែលពិសេស និងទំនើបជាងគេ ក្នុងប្រទេសកម្ពុជា ព្រោះត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សាយោបល់ ពីអ្នកជំនាញរបស់សាមសុងផងដែរ៕