(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំសហការី បន្តចុះទៅប្រគល់ផ្ទះចំនួន០២ខ្នង ជូនដល់អតីតយុទ្ធជន២គ្រួសារបន្ថែមទៀត ស្ថិតនៅក្នុងស្រុកចំនួន២ គឺស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ។
* ទី១៖ ខ្នងផ្ទះទី៨៨នេះមានទំហំ ៦ម៉ែត្រx៩ម៉ែត្រ សាងសង់អំពីឈើ ខ្ពស់ផុតពីដី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់៨,៥៦០,០០០រៀល ត្រូវបានប្រគល់ជូនអតីតយុទ្ធជនឈ្មោះ ហ៊ន ពៅ អាយុ៥៨ ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ត្រី ហ៊ន ពៅ ចូលបម្រើការក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨៨ នៅអង្គភាពយោធាទីរួមខេត្តកំពង់ធំ ហើយបានផ្លាស់ប្តូរមកអង្គភាពវរសនាតូចលេខ៥៥ នៃយោធាខេត្តកំពង់ធំ និងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
លោកអនុសេនីយ៍ត្រី ហ៊ន ពៅ មានអាយុ៥៨ឆ្នាំ បានចូលនិវត្តន៍តាមការកំណត់ឋានន្តរស័ក្ដិនៅឆ្នាំ២០១២ ។ លោក ហ៊ន ពៅ មានភរិយាឈ្មោះ ហែម ម៉ៅ អាយុ៥៥ ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន០៤ នាក់ បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ។
* ទី២៖ ខ្នងផ្ទះទី៨៩ មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សាងសង់អំពីឈើខ្ពស់ផុតពីដី ដែលបានចំណាយថវិកាក្នុងការសាងសង់អស់៨,៩៦០,០០០រៀល ត្រូវបានប្រគល់ជូនអតីតយុទ្ធជន ឈ្មោះ យិន សាមឿន អាយុ៧៤ឆ្នាំ រស់នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោកអនុសេនីយ៍ឯក យិន សាមឿន ចូលបម្រើការក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកបារាយណ៍ នៃយោធាខេត្តកំពង់ធំ បានត្រូវរបួសពិការនៅឆ្នាំ១៩៨៤ នៅសមរភូមិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ដោយខ្មាំងផ្លោងគ្រាប់៦០មីលីម៉ែត្រមក ខ្ទាតអំបែងចំជើងខាងឆ្វេង និងថ្ពាល់ខាងស្តាំម។ បច្ចុប្បន្នលោកអនុសេនីយ៍ឯក យិន សាមឿ មានភរិយាឈ្មោះ ជា ទាវ អាយុ៦២ ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន០៦នាក់ និងបានទទួលប្រាក់បៀវត្សប្រចាំខែ ដែលផ្តល់ជូនចំនួន ៦២០,០០០រៀល។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនោះដែរ លោក សោម ស៊ុន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់អតីតយុទ្ធជន ហើយបានឧបត្ថម្ភនូវអំណាចរបស់សម្តេចតេជោ ជូនគាត់បន្ថែមទៀតដោយក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ៥០គីឡូក្រាម, មីម៉ាម៉ា០២កេស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ, និងមុងជ្រលក់ថ្នាំចំនួន០២ និងថវិការ ២០០,០០០ រៀល។
ក្រុមគ្រួសារអតីតយុទ្ធជនទាំង០២គ្រួសារ មានក្តីរំភើបយ៉ាងខ្លាំង ដែលបានទទួលផ្ទះថ្មីនេះ ហើយប្តេជ្ញាបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី នៅអាណត្តិទី៧បន្តទៀត និងសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕