គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង អំពាវនាវរកជំនួយសប្បុរសឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ (video inside)
01-08-2018 20:33
(ស្ទឹងត្រែង)៖ ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានអំពាវនាវដល់អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា ចូលរួមចំណែកជាថវិកា សម្ភារបរិក្ខា ស្បៀងអាហារ មធ្យោបាយ សម្រាប់ចូលរួមជាមួយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត នាំយកនូវធនធានទាំងនេះ ទៅផ្ដល់ជូនប្រជាពលរដ្ឋនៅតាមតំបន់ ដែលរងផលប៉ះពាល់ក្នុងខេត្តស្ទឹងត្រែង។
ក្នុងលិខិតអំពាវនាវដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ លោក ម៉ុម សារឿន បានបញ្ជាក់ថា ការចូលរួមចំណែក ដោយទឹកចិត្តមនុស្សធម៌របស់គ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ សប្បុរជនក្នុង និងក្រៅប្រទេសដែលបានបរិច្ចាគ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ គឺជាកាយវិការនៃកម្លាំងសាមគ្គី ជាវប្បធម៌ចែករំលែក និងជាគំរូដ៏ល្អប្រពៃរបស់មនុស្សគ្រប់ៗជំនាន់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង មានសេចក្ដីសង្ឃឹមចំពោះទឹកចិត្ត នៃការចូលរួមក្នុងសកម្មភាពមនុស្សធម៌ សម្រាប់ជួយដល់ ប្រជាពលរដ្ឋរងគ្រោះ ដែលមានតម្រូវការចាំបាច់ នឹងត្រូវបានរួមចំណែកពីគ្រប់ផ្នែក គ្រប់វិស័យ និងសប្បុរសជននានាជាក់ជាពុំខាន។
សូមជម្រាបថា យោងតាមស្ថានភាពគ្រោះទឹកជំនន់ ដែលកំពុងបន្ដប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងភូមិឃុំសង្កាត់មួយចំនួន ក្នុងក្រុង ស្រុក ពិសេសមូលដ្ឋានស្រុកសៀមប៉ាង និងតាមដងទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន នៃខេត្តស្ទឹងត្រែង។
សប្បុរសជនដែលមានទឹកចិត្តជ្រះថ្លា មេត្តាធម៌ និងសណ្តោសប្រណៃអាចចូលរួមចំណែកជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង តាមរយ:ទូរស័ព្ទលេខ៖
- ០៨៨ ៨២២ ១២៧២
- ០៩៧ ៩១២ ៧០០០
- ០១២ ៤៦៩ ៤៩២