(កំពង់ឆ្នាំង)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា បើសិនជាជួបប្រទះឃើញគ្រាប់បែក ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ សូមមេត្ដាកុំដឹកវាដោយខ្លួនឯង ទាំងប្រថុយប្រថាន ពីព្រោះវាអាចមានគ្រោះថ្នាក់ ដល់អាយុជីវិតរបស់យើងបាន។
ការអំពាវនាវយ៉ាងដូច្នេះ របស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានធ្វើឡើងបន្ទាប់ពីមានករណីមួយនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានក្រុមបូមខ្សាច់មួយក្រុម បានជួបគ្រាប់បែក MK82 របស់អាមេរិក ហើយក៏បាន ជីកដឹកគ្រាប់បែកដោយខ្លួនឯង យកទៅឲ្យប៉ូលីសឃុំ និងប៉ូលីសស្រុក ប៉ុន្ដែពួកគាត់មិនហ៊ានទទួលនោះទេ ព្រោះមិនមែនជំនាញរបស់ពួកគាត់ ហើយក៏បានដឹកទៅរកក្រុមស៊ីម៉ាក់ នៅកំពង់ឆ្នាំង។
លោក ហេង រតនា បានបញ្ជាក់ថា ការធ្វើបែបនេះ វាបង្កគ្រោះថ្នាក់ខ្លាំងណាស់ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំប្រព្រឹត្តសកម្មភាពបែបនេះ ត្រូវទៅសុំទាក់ទងឲ្យជំនាញគេ ទៅធ្វើការដោះបន្សាបសិន សូមកុំដឹកបែបនេះ៕