(ភ្នំពេញ)៖ លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានអះអាងថា ទោះបីជាមានបណ្តឹងដល់ទៅជាង២០០០ ដែលប្តឹងមកគ.ជ.ប ក៏មិនធ្វើឲ្យប៉ះពាល់ដល់ការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះដែរ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ លោក សោម សូរីដា បានឲ្យដឹងថា បណ្តឹងទាំងអស់ដែលបានដាក់មកគ.ជ.ប មានចំនួន ២៥២៥បណ្តឹង។ ជាមួយគ្នានេះ គណបក្សដែលដាក់ពាក្យបណ្តឹងរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សប្រជាជនកម្ពុជា, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
អគ្គលេខាធិការរងរូបនេះ បានបន្តថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្តឹងរហូតដល់២៥២០បណ្តឹង ហើយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានត្រឹមតែ ៥បណ្តឹងតែប៉ុណ្ណោះ។ លោកបន្ថែមថា ទោះបីជាមានបណ្តឹងច្រើនយ៉ាងនេះក៏ដោយ គ.ជ.ប នៅតែអាចប្រកាសលទ្ធផលបណ្តោះអាសន្ន និងផ្លូវការនៃការបោះឆ្នោត បានទាន់ពេលវេលាដែរ។
លោកបានបញ្ជាក់ថា «ប្រភេទបណ្តឹងភាគច្រើនប្រភេទករណីតែមួយ អញ្ចឹងយើងអាចខ្ចប់ហើយចេញសេចក្តីសម្រេចមួយ ដូច្នេះ វាមិនប៉ះពាល់ដល់ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងលទ្ធផលផ្លូវការទេ»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន ដោយប្រក្រតី គ្មានអំពើហិង្សា សន្តិសុខត្រូវបានការពារយ៉ាងម៉ត់ចត់ មិនបានបង្កការភ័យខ្លាចអ្វី ដល់ប្រជាពលរដ្ឋដូចកាលបោះឆ្នោត កាលពីឆ្នាំ២០១៣នោះទេ។ អំឡុងពេលបោះឆ្នោត ក៏គ្មានអំពើហិង្សា ហើយក្រោយពេលបញ្ចប់ការបោះឆ្នោត ក៏គ្មានអំពើហិង្សា ស្របពេលដែលគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ រង់ចាំស្តាប់លទ្ធផលប្រកាសដោយគ.ជ.ប ខាងមុខនេះ។
បើតាមគ.ជ.ប បើគ្មានបណ្តឹងទេ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ នឹងត្រូវប្រកាសនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ហើយលទ្ធផលផ្លូវការ ក៏នឹងប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ផងដែរ ប្រសិនជាគ្មានការបោះឆ្នោតជាថ្មី៕