(ក្រចេះ)៖ បុរសម្នាក់រងបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យប្រទេសវៀតណាម ក្រោយពីករណីហិង្សាមួយកើតឡើង ដោយសារទាស់សម្ដីគ្នារឿងទាមទារម៉ាស៉ីនអារឈើ ឈានដល់ការបង្កបួសស្នាម កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
មន្ត្រីនរគបាលស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ ចិន្តា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោះជ្រៅពោធិសាល ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ បុរសនេះ រងរបួសត្រង់ចង្កេះខាងឆ្វេង និងប្រអប់ដៃខាងឆ្វេង បណ្ដាលឲ្យដាច់ហូរចេញឈាម។ រីឯជនសង្ស័យឈ្មោះ យ៉ាន់ ជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្អូនថ្លៃជនរងគ្រោះ រស់នៅចំណុចត្រពាំងឈូក ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានរត់គេចខ្លួនបាត់ស្រមោល។
នគរបាលដដែល បានបន្តទៀតថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ យ៉ាន់ ជា បានមកទារម៉ាស៉ីនត្រង់ស៉ីន័រសម្រាប់អារឈើពីជនរងគ្រោះឈ្មោះ សយ ចិន្តា ប៉ុន្តែពេលនោះជនរងគ្រោះមិនព្រមឲ្យ ទៅជនសង្ស័យវិញ។ បន្ទាប់មកពួកគេទាំងពីរនាក់ បានឈ្លោះប្រកែកពាក្យសម្ដីគ្នាយ៉ាងខ្លាំង ពេលនោះជនរងគ្រោះបានវាយទៅជនសង្ស័យមួយដៃ ភ្លាមនោះដោយជនសង្ស័យបានខឹងខ្លាំងពេក ក៏បានស្ទុះទៅទាញកាំបិទផ្គាក់ ដែលខ្លួនដាក់តាមម៉ូតូ យកទៅកាប់លើជនរងគ្រោះ ចំនួនពីរកាំបិត ត្រូវត្រង់ចង្កេះខាងឆ្វេងមួយកាំបិត និងត្រូវត្រង់ប្រអប់ដៃខាងឆ្វេងមួយកាំបិត បណ្ដាលឲ្យដាច់ហូរចេញឈាមយ៉ាងខ្លាំង។
ជនរងគ្រោះបានស្រែកឲ្យគេជួយ ហើយភ្លាមនោះក៏មាន ប្រជាពលរដ្ឋក្បែរនោះ បានរត់មកជួយ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ដោយបោះកាំបិតផ្គាក់ចោលនៅលើចិញ្ចើមផ្លូវ ឆ្ងាយពីផ្ទះជនរងគ្រោះចម្ងាយប្រវែង ៥០ម៉ែត្រ។ សាច់ញាតិជនរងគ្រោះបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ នៅឯប្រទេសវៀតណាម។ ហើយសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យ និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តតាមនីតិវិធី៕