(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារ ចូលរួមរំលែកមរណទុក្ខដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះមរណភាពរបស់ លោក ស ថេង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង។ នេះបើយោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ។
ព្រះរាជសារបានមានព្រះបន្ទូលថា៖ «ខ្ញុំទទួលដំណឹងដ៏ក្រៀមក្រំ អំពីមរណភាពឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។..ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព។ មរណភាព នៃឯកឧត្តម ស ថេង គឺជាការបាត់បង់អ្នកស្នេហាជាតិ ដ៏ល្អមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ»។
សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ វេលាម៉ោង១០៖៣៩នាទី ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
សពរបស់លោក ស ថេង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសពលេខ១០០ មហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨៕
ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ៖