(ភ្នំពេញ)៖ សហភាពសហព័ន្ធសហជីពជាង ១០០អង្គភាព ដែលជាសមាជិកក្រុមប្រឹក្សាសហជីពជាតិកម្ពុជា CCNU បានប្រកាសគាំទ្រពេញទំហឹងចំពោះដំណើរការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
តាមសេចក្ដីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ សហជីពទាំង១៤ តំណាងឲ្យសហភាពសហព័ន្ធសហជីពជាង ១០០អង្គភាព សុទ្ធតែបានបញ្ជាក់ដូចគ្នាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ គឺពិតជាឆ្លុះបញ្ចាំងនូវឆន្ទៈនយោបាយរបស់ប្រជាពលរដ្ឋពិតប្រាកដ ព្រមទាំងប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស មានតម្លាភាព ត្រឹមត្រូវ និងមានភាពយុត្តិធម៌ គ្មានការគំរាមកំហែង គ្មានបង្ខិតបង្ខំ គ្មានប្រទូសរាយគ្នាតាំងពីពេលឃោសនាបោះឆ្នោត រហូតដល់ពេលបោះឆ្នោត។
សហជីពទាំង១៤ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងលទ្ធផលបណ្តោះអាសន្នដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្នើសុំរាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តច្បាប់ដែលមានឲ្យបានម៉ឹងម៉ាត់ជាប្រទេសលទ្ធិប្រជាធិបតេយ្យ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍ។
សហជីពដែលបានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានេះរួមមាន៖
១៖ សហភាពសហជីពជាតិខ្មែរ មានសហព័ន្ធសហជីពចំនួន៤ តំណាងកម្មករ កម្មការិនីជាសមាជិកជាង ៥ម៉ឺននាក់
២៖ សហភាពឯករាជ្យការពារកម្មករនិយោជិត
៣៖ សម្ព័ន្ធសហព័ន្ធសហជីពកម្ពុជា ដែលមានសហព័ន្ធចំនួន៥សហជីព ៥៦មូលដ្ឋានតំណាងកម្មករ កម្មការិនីជាង ២ម៉ឺននាក់
៤៖ សភាសហជីពកម្ពុជា មានសមាជិកក្រុមប្រឹក្សាភិបាលចំនួន១១
៥៖ សហភាពសហជីពអភិវឌ្ឍន៍ការងារ ដែលមានសហព័ន្ធសហជីព៤ អង្គការ១ តំណាងកម្មករកម្មការិនីជាង២ម៉ឺននាក់
៦៖ សម្ព័ន្ធសហព័ន្ធសហជីពការងារជាតិកម្ពុជា មានសហព័ន្ធសហជីពចំនួន៥ តំណាងកម្មករ កម្មការិនីជាង១៣ម៉ឺននាក់
ទី៧៖ សហភាពសហជីពមរតកជាតិកម្ពុជា ដែលមានសហព័ន្ធចំនួន៩ តំណាងកម្មករ កម្មការិនីជាង ៤ម៉ឺននាក់
៨៖ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា តំណាងកម្មករ កម្មការិនីជាង ៣០ម៉ឺននាក់
៩៖ សហភាពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងកម្មករ កម្មការិនី ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា
១០៖ សហភាពសហជីពការងារកម្មករកម្ពុជា ដែលមានសហព័ន្ធសហជីពចំនួន៥ តំណាងកម្មករ កម្មការិនីជាង ២ម៉ឺននាក់
១១៖ សហភាពពលកម្មជាតិកម្ពុជា ដែលមានសហព័ន្ធសហជីពចំនួន៦ តំណាងកម្មករ កម្មការិនីជាង ៣ម៉ឺននាក់
១២៖ សហភាពសហជីពសេរីភាពយុវជនកម្ពុជា ដែលមានសហព័ន្ធសហជីពចំនួន៥ សហជីពមូលដ្ឋានចំនួន៣៧ តំណាងកម្មករ កម្មការិនីជិត ១ម៉ឺននាក់
១៣៖ សហភាពការងារកម្មករដើម្បីអភិវឌ្ឍន៍ ដែលមានសហព័ន្ធចំនួន៦ សហជីព៤៤មូលដ្ឋាន តំណាងកម្មករ កម្មការិនីជាង ១ម៉ឺននាក់
១៤៖ សហភាពសហជីពស្មារតីយុវជនដើម្បីការងារកម្ពុជា ដែលមានសហព័ន្ធ អង្គការ សមាគម ចំនួន១០ ដោយមានសហជីព អង្គការ សមាគម មូលដ្ឋានចំនយន១៥៣ តំណាងកម្មករ កម្មការិនីជាង ១០ម៉ឺននាក់៕