Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិសនីកម្ពុជា ចាត់មន្ត្រីចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែអគ្គិសនី និងប្រចាំការជាប់ជានិច្ច នៅបណ្តាខេត្តរងគ្រោះដោយទឹកជំនន់ ការពារការឆ្លងចរន្តអគ្គិសនីគ្រោះថ្នាក់ជាយថាហេតុ ចំពោះប្រជាពលរដ្ឋ​

01-08-2018 11:23

(ភ្នំពេញ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា (EDC) នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅគ្រាដែលខេត្តមួយចំនួនរបស់កម្ពុជា កំពុងរងគ្រោះដោយទឹកជំនន់នោះ លោកបានចាត់ឲ្យមន្ត្រីអគ្គិសនីទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខ្សែបណ្តាញអគ្គិសនី និងដាក់វេណប្រចាំការជាប់ជាប្រចាំ ដើម្បីការពារគ្រោះថ្នាក់នៃការឆ្លងអគ្គិសនីជាយថាហេតុ ចំពោះប្រជាពលរដ្ឋ។

លោកអគ្គនាយកបានបញ្ជាក់យ៉ាងដូច្នេះថា «មន្ត្រីរបស់អគ្គិសនី បានចុះរៀបចំរចនាសម្ព័ន្ធ ដូចជានាឡិកាស្ទង់ ប្រអប់នាឡិកាស្ទង់ បង្គោល ខ្សែបណ្តាញតង់ស្យុងទាប (LV) ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) និងខ្សែបណ្តាញ ចូលផ្ទះបងប្អូនប្រជាពលរដ្ឋ នៅពេលឃើញមានស្ថានភាពទាប ប្រឈមនឹងការលិចទឹក គឺលើកឡើងឲ្យផុតពីទឹក ដើម្បីកុំមានបញ្ហាគ្រោះថ្នាក់ ឆ្លងចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋជាយថាហេតុ ហើយយើងបានដាក់ក្រុមការងារប្រចាំការជាប់ប្រចាំ ដោយភ្នាក់ងារអគ្គិសនី តាមបណ្តាខេត្ត»

លោក កែវ រតនៈ បន្ថែមថា ក្រៅពីភ្នាក់ងារអគ្គិសនីខេត្តប្រចាំការ ចាំដោះស្រាយជាប្រចាំហើយនោះ អគ្គិសនីកម្ពុជាថ្នាក់កណ្តាល ក៏បានបញ្ជូនក្រុមបេសកកម្មមួយ ដើម្បីទៅត្រួតពិនិត្យបន្ថែម ដើម្បីជៀសវាងការឆ្លងចរនដោយយថាហេតុ គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ ក៏បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលរស់នៅតំបន់ទឹកជំនន់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពពីការគ្រោះថ្នាក់ ដោយសារខ្សែបណ្តាញ និងបរិក្ខាផ្សេងៗរបស់អគ្គិសនី។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកកាន់មន្រ្តីជំនាញរបស់អគ្គិសនីកម្ពុជា ដើម្បីធ្វើការពិនិត្យ និងដោះស្រាយជូន។

ជាមួយគ្នានេះ លោកអគ្គនាយក កែវ រតនៈ ក៏បានឲថ្លែងអំណរគុណ ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារនេះ ដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

សូមជម្រាបថា ទឹកទំនន់បានកំពុងវាយប្រហារនៅខេត្តមួយចំនួនដោយជាខេត្តស្ទឹងត្រែង ខេត្តក្រចេះ ហើយខេត្តមួយចំនួនទៀត ក៏កំពុងប្រឈមនឹងទំនន់ផងដែររួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ផងដែរ៕