(ភ្នំពេញ)៖ លោក Lai Chu Wan ជនរងគ្រោះដោយសារជនជាតិចិនតៃវ៉ាន់៤នាក់ ប្រើហិង្សា និងប្លន់យករថយន្តកំពុងព្រួយបារម្ភលើសុវត្ថិភាពរបស់ខ្លួនជាខ្លាំង បន្ទាប់ក្រុមជនជាតិចិនតៃវ៉ាន់ដែលខ្លួនហៅថាជាជនសង្គមងងឹតនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ ដោះលែងឲ្យជនជាតិចិនតៃវ៉ាន់ទាំងនេះមានសេរីភាពឡើងវិញ។
លោក Lai Chu Wan បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ក្រុមជនជាតិចិនតៃវ៉ាន់មួយក្រុមមានគ្នា ៤នាក់ មានលោក Yang Shi Xiao ជាមេខ្លោងបានចូលក្នុងផ្ទះរបស់ខ្លួនស្ថិតនៅផ្ទះលេខ១៣ ផ្លូវលេខ៣ ក្នុងបូរីភ្នំពេញថ្មី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក Lai Chu Wan បានរៀបរាប់ទៀតថា ក្រុមជនជាតិចិនតៃវ៉ាន់ទាំង៤នាក់នេះ បានប្រើអំពើហិង្សា បង្ករបួសស្នាមដោយយកពែងតែគប់ទៅលើរូបលោកឲ្យរងរបួសក្បាល និងយកវត្ថុរឹងគំរាមបង្ខំឲ្យរូបលោកចុះហត្ថលេខាលើលិខិតទទួលស្គាល់ថាជំពាក់លុយពួកគេចំនួន ២២ម៉ឺនដុល្លារ និងបញ្ចាំរថយន្ត។
លោក Lai Chu Wan បន្ថែមថា ដោយសារតែរូបលោកមិនព្រមចុះហត្ថលេខាតាមការចង់បានរបស់ពួកគេ ពួកគេបានលើកថូផ្កាធំបម្រុងគប់ទៅលើលោក។ ដោយសារតែពេលនោះស្ថានភាពពោរពេញដោយភាពភ័យខ្លាចរូបលោកក៏ព្រមចុះហត្ថលេខាតែម្តង។
លោក Lai Chu Wan បានឲ្យដឹងទៀតថា ក្រុមជនជាតិចិនតៃវ៉ាន់ទាំងនេះ មិនត្រឹមតែប្រើហិង្សាប៉ុណ្ណោះទេ ថែមទាំងបានប្លន់យករថយន្តរបស់ខ្លួនម៉ាក Mecedez ទៅលាក់ទុកនៅ Condo មួយកន្លែងនៅខាងក្រោយសណ្ឋាគារណាហ្គា ក្នុងខណ្ឌចំការមនថែមទៀតផង។
លោក Yang Shi Xiao និងបក្ខពួក៣នាក់ផ្សេងទៀតត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួននៅថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កំហែងយក និងប្លន់យករថយន្តរបស់ជនរងគ្រោះម៉ាក Mercedes។
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងបញ្ជូនជនល្មើជាមេខ្លោង Yang Shi Xiao ទៅតុលាការដោយចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកំហែងយក។ ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារង សឿ ឡង់ឌី ចោទប្រកាន់តែមួយបទល្មើស គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបញ្ជូនទៅចៅក្រមស៊ើបសួរ ហេង កេសរោ។
បន្ទាប់ពីសំណុំរឿងទៅដល់ដៃចៅក្រមស៊ើបសួរ លោក ហេង កេសរោ ក៏បានដោះលែងជនល្មើសឈ្មោះ Yang Shi Xiao ឲ្យមានសេរីភាព ខណៈបក្ខពួក៣នាក់ទៀតកំពុងរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ។
លោក Lai Chu Wan បានលើកឡើងថា ការសម្រេចដោយមិនប្រក្រតីរបស់ចៅក្រម ហេង កេសរោ ឲ្យជនដៃដល់មានសេរីភាពឡើងវិញនេះ ធ្វើឲ្យរូបលោក និងក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាព និងមិនហ៊ានចូលស្នាក់នៅផ្ទះរបស់ខ្លួនវិញនោះឡើយ។
លោក Lai Chu Wan បានស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាតុលាការពិនិត្យលើសំណុំរឿងរបស់ឡើងវិញ និងផ្តល់យុត្តិធម៌ជូនរូបលោកដែលជាជនរងគ្រោះ។
ពាក់ព័ន្ធសំណុំរឿងខាងលើនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបំភ្លឺ និងបញ្ជាក់ពីខាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ហេង កេសរោ បាននៅឡើយទេ៕
ជនល្មើសឈ្មោះ Yang Shi Xiao
ជនរងគ្រោះឈ្មោះ Lai Chu Wan
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហេង កេសរោ
រ
ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡងឌី