(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានបន្តដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីភូមិ-ឃុំ ទៅប្រគល់ផ្ទះខ្នងទី៨៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជន ជូនដល់អតីតយុទ្ធជនពិការឈ្មោះ ឈឹម ហេង ឋានន្តរស័ក្ដិអនុសេនីយ៍ទោ អង្គភាពវរសនាតូច៥១ កងពលលេខ១២ចាស់ ដែលត្រូវរបួសក្នុងសមរភូមិស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦។
អនុសេនីយ៍ទោ ឈឹម ហេង អាយុ៥៣ឆ្នាំ មានភរិយាឈ្មោះ យោន តោត អាយុ៥១ឆ្នាំ មានកូនចំនួន០៧ បច្ចុប្បន្នរស់នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ប្រកបមុខរបរធ្វើស្រែ និងចំការបន្តិចបន្តួច គួបផ្សំ និងប្រាក់បៀវត្សរ៍ដែលរាជរដ្ឋាភិបាលផ្តល់ជូនប្រចាំខែចំនួន៦៥០,០០០រៀលផងដែរ។
ផ្ទះថ្មីនេះដែរសាងសង់ពីឈើខ្ពស់ផុតពីដីដំបូលស័ង្កសី ជញ្ជាំង និងរនាបក្តារមានទំហំ ៦ម៉ែត្រx៥,៥០ម៉ែត្រ ដែលបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់៦,៨៧០,០០០រៀល។ នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក៏បានពាំនាំមកនូវអំណោយជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០ គីឡូក្រាម , មីចំនួន០៣ កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន០២យួរ ,មុងជ្រលក់ថ្នាំចំនួន០២ និងថវិកាចំនួន ២០០,០០០រៀល ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ញាតិមិត្ត និងក្រុមគ្រួសារអតីតយុទ្ធជន មានក្តីរំភើបចិត្តយ៉ាងខ្លាំង ដែលបានទទួលផ្ទះថ្មីនេះពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕