(ភ្នំពេញ)៖ ក្រោយពីបោះឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ បានប្រកាសផ្តល់កាដូពិសេសចំនួន២ដល់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកពុធនេះ ក្នុងឱកាសដែលសម្តេចបង្ហាញមុខក្នុងវេទិកាសាធារណៈលើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ ដែលនឹងចាត់ទុកជាសមិទ្ធផលថ្មីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍។
កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។
ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។
សម្រាប់ចំណតនាវាឫស្សីកែវនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។
ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។ ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងខាងលើ ត្រូវចំណាយថវិកាជាតិសរុបចំនួន ៦,០២៩,៤១៣,០០០រៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក។
ដោយឡែក កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដែលត្រូវជូនជាកាដូសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរមិនគិតប្រាក់រហូតដល់ដំណាច់ឆ្នាំដែរនោះ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកចាប់ពីប៉ោយប៉ែត រហូតដល់រាជធានីភ្នំពេញ ត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញទាំងស្រុងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។ ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល៕