(កំពង់ចាម)៖ លទ្ធផលនៃការចេញទៅបោះឆ្នោតរបស់ប្រជាជនកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងអត្រា៨២.៨៩% បានធ្វើឱ្យសហរដ្ឋអាមេរិក និងកូនជឹងរបស់ខ្លួនមានការខកចិត្តជាខ្លាំង។ តាមរយៈនយោបាយអំពាវនាវរបស់លោក សម រង្ស៊ី ដែលទទួលបានការណែនាំពីមេខ្លោងថា «ដេកផ្ទះឈ្នះឯង» ត្រូវបានប្រជាជនខ្មែរទូទាំងប្រទេសមិនយកចិត្តទុកដាក់ ហើយបានចេញទៅបោះឆ្នោតសម្តែងឆន្ទៈរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។ នេះជាការបញ្ចេញទស្សន:ផ្ទាល់ខ្លួន របស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
លោក គួច ចំរើន បានថ្លែងទៀតថា ប្រសិនបើប្រជាជនខ្មែរ ចេញទៅបោះឆ្នោតក្នុងអត្រាក្រោម៥០% ឬត្រឹមតែ៥០% នោះពួកគេប្រាកដជាមានលេសថា ការបោះឆ្នោតនេះគ្មានការគាំទ្រគ្រប់គ្រាន់ពីប្រជាជន យកជាការមិនបាន ព្រោះការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០១៦ ជំនាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រជាជនអាមេរិកបានចេញទៅបោះឆ្នោតក្នុងអត្រា៥៥.៥%។
ក្នុងគោលបំណង ដើម្បីសម្រេចមហិច្ឆតាដ៏ខ្មៅងងឹតនេះ ពួកគេបានប្រើគ្រប់មធ្យោបាយ ដើម្បីឃោសនា លួងលោម កុំឱ្យប្រជាជនចេញទៅបោះឆ្នោត ដែលមានចាប់តាំងពី វិទ្យុអាស៊ីសេរី វីអូអេ ការផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ជាមួយនោះផងដែរ មេខ្លោងរបស់គេបានកៀរគរប្រទេសសម្ព័ន្ធមិត្ត មិនឱ្យផ្តល់ជំនួយសម្រាប់ការបោះឆ្នោត ព្រមទាំងបានដាក់ទណ្ឌកម្មមកលើមន្ត្រីធំៗ ក្នុងជួររាជរដ្ឋាភិបាល ដើម្បីដាក់សម្ពាធ និងបំបាក់ទឹកចិត្តអ្នកគាំទ្រគណបក្សប្រជាជន ក៏ដូចជាប្រជាជនខ្មែរ។
ផ្ទុយមកវិញការខិតខំប្រឹងប្រែង ប្រមូលផ្ដុំកម្លាំងដើម្បីវាយលុកមកលើរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនខ្មែរដែលស្រលាញ់សន្តិភាព ប្រជាធិបតេយ្យ បានត្រឹមតែទទួលបានមកវិញនូវការខកចិត្ត អស់សង្ឃឹមថានឹងអាចបោកប្រាស់ ភូតកុហកមកលើប្រជាជនខ្មែរតទៅទៀតបានឡើយ ។
តាមរយៈលទ្ធផលការចេញទៅបោះឆ្នោតដ៏ច្រើនលើសលប់របស់ប្រជាជនខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រជាជនលែងជឿលើនយោបាយបោកប្រាស់ ភូតភរ ដើម្បីបំពេញមហិច្ឆតាស្រែកឃ្លានអំណាចរបស់ពួកគេទៀតហើយ ប្រជាជនចង់បានសន្តិភាព ការអភិវឌ្ឍន៍ និងការធ្វើដំណើរទៅមុខរបស់ប្រទេសជាតិ ប្រកបដោយភាពនឹងន ត្រឹមត្រូវក្រោមការដឹកនាំរបស់សម្តេចតេជោ៕