(ភ្នំពេញ)៖ ដោយសារតែអតីតកាលរបស់ខ្លួនរួតរឹតទៅដោយរូបភាពនៃការបែកបាក់សាមគ្គីជាតិ ស្ថិតក្រោមអាណានិគមនិយមបរទេស ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់មហាអំណាចផ្សេងៗ ការមាក់ងាយពីជាតិសាសន៍ដទៃដោយសារតែខ្មែរសម្លាប់ខ្មែរក្នុងរបបខ្មែរក្រហម កម្ពុជាបច្ចុប្បន្ន ទោះជាបានរស់ដោយខ្លួនឯង មានសុខសន្តិភាពក្រោមបាតដៃខ្មែរខ្លួនឯង និងខិតខំប្រឹងអភិវឌ្ឍជាតិ ចាប់តាំងពីក្រោមគំនាបនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ច របស់ក្រុមបស្ទឹមប្រទេសរហូតដល់ក្លាយខ្លួនជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ក៏នៅតែប្រឈមនឹងការយាយី និងធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងក្រោមលេសសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ រួមនឹងការមិនឱ្យតម្លៃលើការលះបង់សព្វបែបយ៉ាងរបស់កម្ពុជា និងមិនទទួលស្គាល់និងគោរពឆន្ទៈពលរដ្ឋខ្មែរឡើយ។ កម្ពុជាដែលពេលនេះ មិនមែនជាកម្ពុជាក្នុងសម័យសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ព្រះអង្គ ស៊ីសុវត្ថិ សិរិមតៈ ហើយក៏មិនមែនជាកម្ពុជាក្នុងរបបខ្មែរក្រហមរបស់ ប៉ុល ពតឡើយ ប៉ុន្តែកម្ពុជាពេលនេះជាកម្ពុជាដែលមានឥស្សយភាព សេចក្តីថ្លៃថ្នូរ កិត្តិយស និងជាកម្ពុជាដែលមានសុខសន្តិភាពពេញលេញ ការអភិវឌ្ឍ មានតួនាទីស្មើមុខស្មើមាត់ជាមួយប្រទេសផ្សេងទៀត នៅលើពិភពលោកក្នុងនាមជារដ្ឋឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងមានតួនាទីមិនអាចខ្វះបានក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ កម្ពុជាដែលប្រែមុខមាត់ពីវាលពិឃាតមកជាកម្ពុជាអច្ឆរិយៈ និងជាកម្ពុជាដែលគួរឱ្យស្រឡាញ់។

ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ កម្ពុជាបានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលជាមួយនឹងការរៀបចំ ការបោះឆ្នោតដ៏ល្អមួយក្នុងបរិយាកាសសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ក្រោមការចូលរួមក្នុងដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជារបស់ប្រជាពលរដ្ឋជិត ៧ លាននាក់ដែលស្មើនឹង ៨២,៨៩% នៃអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតជាង ៨,៣ លាននាក់។ សាធារណៈមតិជាតិ និងអន្តរជាតិក្នុងនោះក៏មានអ្នកសង្កេតការណ៍ អន្តរជាតិមកពីប្រទេសមួយចំនួននៃទ្វីបអឺរ៉ុប អាស៊ី មកពីអូស្ត្រាលីជាដើម បានស្វាគមន៍ប្រកបដោយមោទន ភាពថាការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន ហើយថែមទាំងបានអំពាវនាវឱ្យពិភពលោកមើលគំរូការបោះឆ្នោត នៅកម្ពុជាថែមទៀតផង។ ប៉ុន្តែក្រោមក្រសែភ្នែករបស់ រដ្ឋាភិបាលបរទេសនិងជនបរទេសមួយចំនួនបែរជាមើលឃើញស្ថានភាពនៃការបោះឆ្នោតនៅកម្ពុជាមិនសេរី មិនត្រឹមត្រូវនិងមិនយុត្តិធម៌ទៅវិញ។

សេចក្តីថ្លែងការណ៍ដែលបានចាប់ផ្តើមដំបូងដោយអ្នកនាំពាក្យនៃរដ្ឋបា លអាម៉េរិកក្រោមការរៀបចំរួចជាស្រេចពីមន្ត្រីស្ថានទូតអាម៉េរិកនៅកម្ពុជានូវពាក្យពេចន៍ដើម្បីលាបពណ៌ មកលើការបោះឆ្នោតដោយលើកឡើងថាជាការបោះឆ្នោតដែលមិនអាចទទួលយកបាន។ មន្ត្រីទូតអាម៉េរិកប្រចាំកម្ពុជា ត្រូវបានគេដឹងថា បានលួចទៅសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោត ដោយស្ងាត់ៗពាក់វ៉ែនតាខ្មៅ និងកាសនៅក្នុងត្រចៀក។
ដោយសារទូតអាមេរិកពាក់វ៉ែនតាខ្មៅស្តាប់កាសពេលសង្កេតការណ៍បោះឆ្នោត បានជាលោកមើលឃើញសទៅជាខ្មៅ មើលឃើញការបោះឆ្នោតសេរីត្រឹមត្រូវទៅជាការបោះឆ្នោតដោយការភ័យខ្លាច ស្តាប់សំឡេងសើចក្អាកក្អាយរបស់អ្នកបោះឆ្នោតទៅជាសំំឡេងស្រែកយំដូច្នេះ។
តាមពិតពលរដ្ឋខ្មែរពិតជាបានដឹងជាមុនថាមន្ត្រីរបស់រដ្ឋបាលអាម៉េរិកមួយចំនួនដែលមានចំណងទាក់ ទងយ៉ាងស្អិតរមួតជាមួយអតីតមេដឹកនាំប្រឆាំងនៅកម្ពុជាជាពិសេសគឺ កឹម សុខា ដែលគេដឹងថាជាកូនចឹង របស់អាម៉េរិកអនុវត្តផែនការបដិវត្តន៍កម្ពុជាពិតជានឹងចេញសេចក្តីថ្លែងការណ៍ដែលមាន លក្ខណៈអវិជ្ជមានខ្លាំងលើដំណើរការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ដូចដែលគេបានដឹងតាមរយៈការវាយបំបែកផែនការទុច្ចរិតរបស់អង្គការសង្គមស៊ីវិលអាម៉េរិកមួយចំនួន ដែលបានផ្តល់ការគាំទ្រថវិកាដល់សង្គមស៊ីវិលក្នុងស្រុក ដើម្បីអុកឡុក រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោត នៅកម្ពុជា។ ល្បិចកលដែលពួកគេខិតខំធ្វើដើម្បីគាំទ្រដល់កូន ចឹងរបស់ខ្លួនគឺក្រុមអ្នកនយោបាយខ្មែររត់ចោលស្រុក ដែលបម្រើបរទេស និងចិញ្ចឹមចិត្តបំផ្លាញកម្ពុជាដើម្បី បំពេញចិត្តចៅហ្វាយនាយរបស់ខ្លួន។ ហេតុអ្វីបានជាបស្ទឹមប្រទេសមួយចំនួនដឹកមុខដោយសហរស្ឋអាម៉េ
រិកដែលកាលពីអតីតកាលបានប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ រហូតដល់ទម្លាក់គ្រាប់បែកជាង ៣ លានតោនលើក្បាលខ្មែរ សម្លាប់ជីវិតមនុស្សរាប់ម៉ឺននាក់ និងក្រោយពីខ្មែរក្រហមត្រូវបានផ្តួលរំលំ សហរដ្ឋអាម៉េរិកនិង សម្ព័ន្ធមិត្រចាក់ទឹកមិនលិចរបស់ខ្លួនរួមមានបារាំង កាណាដា អូស្ត្រាលី នូវែលសេឡង់ជាដើម នៅបន្តគាំទ្រទាំងថវិកានិងសព្វាវុធឱ្យចលនាត្រីភាគីមានលទ្ធភាពវាយប្រយុទ្ធបំផ្លាញជាតិ និងប្រជាជនកម្ពុជា បន្ថែមពីលើភាពរងគ្រោះរបស់ពួកគេដោយអំពើប្រល័យពូជសាសន៍ នៅតែបន្តចងកម្ម ចងពារមកលើជាតិនិងប្រជាជនខ្មែរ និងមានគំនិតអណានិគមបែបថ្មីមកលើកម្ពុជាបន្តទៀត?

ពួកគេព្យាយាមធ្វើជាម៉ែឪកម្ពុជា ត្រួតត្រាកម្ពុជា និងចង់បង្វិលក្បាលកម្ពុជាតាមតែអំពើចិត្តរបស់ពួកគេ ដោយពួកគេគិតថា កម្ពុជាគឺជារបស់ពួកគេ និងជាអាយ៉ងរបស់ពួកគេដូចពីមុន។ ពួកគេខិតខំធ្វើឱ្យកម្ពុជាមួយ ដែលរណប និងក្រោមឥទ្ធិពលពួកគេ និងធ្វើអ្វីៗតាមដែលពួកគេគូសវាសក្នុងនាមជាអាយ៉ងពួកគេដូចពីអតីតកាល។ ពួកគេបានព្យាយាមចាប់បង្ខំឱ្យកម្ពុជា អនុវត្តនូវប្រព័ន្ធប្រជាធិបតេយ្យមួយដ៏ល្អឥតខ្ចោះមួយ ដែលសូម្បីតែប្រទេសខ្លួនឯង ក៏មិនទាន់អាចធ្វើបាន និងពួកគេបានយកកម្ពុជាធ្វើជាមន្ទីរពិសោធន៍ប្រជាធិបតេយ្យសម្រាប់ទ្វីបអឺរ៉ុបនិងរបស់អាម៉េរិក។ ពលរដ្ឋខ្មែរពិតជាសោកស្តាយបំផុតដែលឃើញប្រទេសមួយចំ នួនមិនគោរព និងមិនឱ្យតម្លៃប្រទេសកម្ពុជាស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិដែលប្រទេសនីមួយៗ មិនអាចជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយផ្សេងទៀតឡើយ។

ប៉ុន្តែដើម្បីផលប្រយោជន៍ភូមិ សាស្ត្រនយោបាយ និងដើម្បីការពារបុព្វហេតុអ្នកនយោបាយក្បត់ជាតិខ្មែរដូចជា សម រង្ស៊ី កឹម សុខា មូរ សុខ ហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យាជាដើម អាម៉េរិករួមនឹងសម្ព័ន្ធមិត្ររបស់ខ្លួនរួមមានបារាំង អូស្ត្រាលី នូវែល សេឡង់ អាឡឺម៉ង់ កាណាដា និងសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍ក្បត់ខ្លឹមសារនៃស្ថានការណ៍ពិត នៃការបោះឆ្នោតជាក់ស្តែងដែលការបោះឆ្នោតប្រព្រឹត្តទៅដោយសុខសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ មិនក្បត់នឹងឆន្ទៈរាស្រ្ត និងដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុ បក្ស។ សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ររបស់ខ្លួនគួររៀនទទួលស្គាល់ការពិតថាពលរដ្ឋខ្មែរ ត្រូវការសុខសន្តិភាព និងការអភិវឌ្ឍ ទើបបានចេញទៅបោះឆ្នោតភ្លូកទឹកភ្លូកដី និងបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជាដល់ទៅ ៧៧% នៃសន្លឹកឆ្នោតបានការ ៦ ៣៤៩ ៣៨៩។

អាត្រានៃការចេញទៅបោះឆ្នោតច្រើននេះ គឺបង្ហាញពីឆន្ទៈប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងការបំផ្លាញសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជារបស់ក្រុមប្រឆាំង ក្រៅច្បាប់ក្រោមខ្សែញាក់របស់បរទេស។ ការផ្តល់សេចក្តីទុកចិត្តដ៏ច្រើនលើសលប់របស់ពលរដ្ឋខ្មែរ មកលើគណបក្សប្រជាជនកម្ពុជាដោយសារតែពួកគាត់យល់ថាមានតែគណបក្សនេះតែមួយគត់ ដែលជាសេចក្តីសង្ឃឹមរបស់ប្រជាជន និងអាចជួយការពារបាននូវសុខសន្តិភាព និងការអភិវឌ្ឍរបស់ពួកគាត់។ ប៉ុន្តែហេតុអ្វីបានជាអាម៉េរិក និងសម្ពន្ធមិត្ររបស់ពួកគេធ្វើពើមើលមិនឃើញនូវសេចក្តីប្រាថ្នា និងការចង់បានទាំងនេះ? នោះមកតែពីម្យ៉ាងគត់ កម្ពុជាសម័យតេជោសែនមិនរណបឥទ្ធិពលរបស់ពួកគេ និងដឹកនាំប្រទេសតាមបែប កម្ពុជា ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាពិត និងដើម្បីកិត្យានុភាពជាតិខ្មែរ។ កម្ពុជាមិនធ្វើជាកូន ចឹងរបស់ប្រទេសណាមួយដូចដែលក្រុមប្រឆាំងរត់ចោលស្រុកដឹកនាំដោយ សម រង្ស៊ី កំពុងធ្វើឡើយ។

សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ររបស់ខ្លួន មិនត្រូវមើលរំលងឆន្ទៈរាស្ត្រខ្មែរជិត ៨៣%ដែល បានទៅបោះឆ្នោតស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើយ។ សហរដ្ឋអាម៉េរិក និងប្រទេសសម្ព័ន្ធមិត្ររបស់ខ្លួន គ្រាន់តែដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន ជាន់ឈ្លីឆន្ទៈរាស្ត្រខ្មែរ ដែលស្រឡាញ់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ និងលើកតម្កើងក្រុមជនក្បត់ជាតិ អាយ៉ងរបស់ខ្លួនឡើយ។ កម្ពុជាមានបទពិសោធគ្រប់គ្រាន់ក្នុងដំណើរការប្រជាធិបតេយ្យ និងសូមកុំព្យាយាមចាប់បង្ខំកម្ពុជាធ្វើអ្វីតាមការ ចង់បានរបស់ខ្លួនក្រោមការលាក់ផលប្រយោជន៍ពីក្រោយខ្នង។ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបែបចាប់បង្ខំ ដែលអាម៉េរិកនិងសម្ព័ន្ធមិត្រឱ្យកម្ពុជាដើរតាមច្រើនតែធ្លាក់ផ្លូវ និងបង្កវិនាសសកម្មដល់ជនជាតិខ្មែរ។ ទន្ទឹមនឹងនេះ កម្ពុជាសូមថ្លែងអំណរគុណចំពោះប្រទេសជាមិត្តទាំងឡាយជាពិសេសជប៉ុន ចិន រុស្ស៊ី និងប្រទេសមួយចំនួនទៀតដែលជួយជ្រោមជ្រែងនិងឱ្យតម្លៃកម្ពុជា និងគោរពអធិបតេយ្យភាពកម្ពុជា។ ដូច្នេះ បរទេសជាមិត្តភ័ក្តទាំងឡាយ បើស្រឡាញ់ខ្មែរពិត បើចង់ជួយខ្មែរពិត សូមគោរពការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរភាគច្រើន សូមគោរពឯករាជភាព និងអធិបតេយ្យភាពកម្ពុជា និងសូមទុកឱ្យកពលរដ្ឋខ្មែរសម្រេចជោគវា
សនាជាតិដោយខ្លួនឯង!

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨