(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច នព្វស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨នេះ បង្ហាញមុខក្នុងវេទិកាសាធារណៈលើកដំបូង ក្រោយពេលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ការបង្ហាញមុខជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនៅក្នុងខណ្ឌឬស្សីកែវ។
ការបង្ហាញមុខក្នុងវេទិកាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃនេះ បានក្លាយជាប្រធានបទមួយដ៏សំខាន់ និងចាប់អារម្មណ៍ខ្ពស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកព័ត៌មានផងដែរ។ ទាំងប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក៏ដូចជាអ្នកព័ត៌មានកំពុងទន្ទឹងរង់ចាំថា តើសម្តេចតេជោ ហ៊ុន សែន នឹងមានសារនយោបាយអ្វីខ្លះទៅកាន់ជនរួមជាតិ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានបិទបញ្ចប់ជាមួយ នឹងការទទួលបានសំឡេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីមិនធ្លាប់មាននៅក្នុងប្រវត្តិនៃការបោះឆ្នោត៥អាណត្តិកន្លងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា (ផ្លូវទឹក ផ្លូវថ្នល់ ផ្លូវរថភ្លើង និងផ្លូវអាកាស) ជំរុញធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ដោយហេតុថា ការដឹកជញ្ជូនតាមផ្លូវទឹក អាចដឹកបានច្រើនក្នុងតម្លៃទាប ប្រកបដោយសុវត្ថិភាព និងទៀងទាត់ពេលវេលាដោយមិនមានការកកស្ទះចរាចរណ៍។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត ជួលពីក្រុមហ៊ុន Royal Express Boat) ដែលនាវានីមួយៗមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៥៤-៦០នាក់ មានល្បឿនមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយប្រើរយៈពេលប្រមាណតិចជាងមួយម៉ោងរវាងចំណតនាវាដើមទី (ឬស្សីកែវ) និងចំណតនាវាចុងទី (តាខ្មៅ) ដែលរយៈពេលនេះតិចជាង រយៈពេលធ្វើដំណើរតាមផ្លូវគោកប្រមាណ២ដង។
ការធ្វើដំណើរមានភាពទៀងទាត់ មានសុវត្ថិភាព និងបានបម្រើសេវាកម្មជូនប្រជាពលរដ្ឋចាប់ពីម៉ោង ៥៖៣០ព្រឹក រហូតដល់ម៉ោង ៦៖៣០ល្ងាច។ គិតចាប់ពីថ្ងៃដាក់ដំណើរការបណ្តោះអាសន្នរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកដំណើរសរុប ៣០,៦៤៧នាក់ ដែលជាមធ្យមមានអ្នកដំណើរប្រមាណ ២០០នាក់ក្នុងមួយថ្ងៃ។
សម្រាប់ចំណតនាវាឫស្សីកែវ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធនៅថ្ងៃព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន ស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិទាំងស្រុងប្រមាណ ២.៣៥១.៧៣០.០០០រៀល ស្មើនឹងជិត ៥៩ម៉ឺនដុល្លារអាមេរិក។
ក្រៅពីចំណតនាវាឫស្សីកែវ ដើម្បីបម្រើការងារដឹកជញ្ជូនតាមផ្លូវទឹកនេះឲ្យកាន់តែងាយស្រួលនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានសាងសង់ចំណតនាវាចំនួន៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវថ្នល់/ផ្លូវគោក។
ចំណតនាវាដឹកអ្នកដំណើរទាំង០៥កន្លែងខាងលើ ត្រូវចំណាយថវិកាជាតិសរុបចំនួន ៦,០២៩,៤១៣,០០០រៀល ស្មើនឹងជាង ១.៥លានដុល្លារអាមេរិក៕