ពលរដ្ឋ២៩គ្រួសារ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់, ស្នងការខេត្ត បញ្ជាកម្លាំងជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាព
31-07-2018 20:43
(កំពង់ចាម)៖ ដោយសារតែស្ថានភាពទឹកទន្លេមេគង្គ បាននិងកំពុងបន្ដជន់ឡើងខ្លាំងនោះ រហូតមកដល់ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានបណ្ដាលឲ្យរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២៩គ្រួសារ នៅតំបន់មាត់បឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ឲ្យលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ រួមដំណើរជាមួយលោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ចុះត្រួតពិនិត្យជាបន្ទាន់។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ដោយសារតែស្ថានទឹកកាន់តែឡើងខ្លាំងនោះ បណ្ដាលឲ្យទឹកលិចចូលក្រោមផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់មាត់បឹង ចំនួន១៤ខ្នងផ្ទះ ហើយបច្ចុប្បន្នកងកម្លាំងបានជួយចាត់ចែងឲ្យប្រជាពលរដ្ឋ បានរើមកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលមានសុវត្ថិភាព ស្ថិតក្នុងភូមិទួលបេង ឃុំមៀន ចំនួន២៩គ្រួសារ មនុស្សរួម១៤១នាក់ (ស្រី៧១នាក់) ព្រមទាំងដាក់កម្លាំងប្រចាំការ ដើម្បីការពារក្រែងលោមានជនឆ្លៀតឱកាស។
ក្នុងនោះដែរ លោកអភិបាលស្រុក ក៏បានផ្ដល់តង់សម្រាប់ប្រក់ដំបូល និងចាត់ចែងរៀបចំទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកផងដែរ៕