(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក Prasith SAYASITH ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតឡាវប្រចាំកម្ពុជា។
គោលបំណង នៃជំនួបសម្ដែងការគួរសមនេះ គឺដើម្បីប្រគល់ជូននូវសារលិខិតរំលែកទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងផ្តល់ជូននូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដែលជាថវិការបស់កាកបាទកម្ពុជា ជូនដល់កាកបាទក្រហមឡាវ សម្រាប់ប្រតិបត្តិការជួយប្រជាជនរងគ្រោះក្នុងការបាក់ទំនប់វារីអគ្គិសនីសេប៉ាន សេណាំណយ នៅក្នុងខេត្តអាតាពើ នៃប្រទេសឡាវ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ។
ក្នុងជំនួបនោះដែរលោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយចំពោះការបាត់ខ្លួន និងបាត់បង់ជីវិតមនុស្សជាច្រើននាក់ និងរាប់ពាន់គ្រួសារខ្វះទីជម្រក ដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលកន្លងទៅនេះ។ កាកបាទក្រហមកម្ពុជា ក៏កំពុងមមារញឹកដូចគ្នាដែរ ក្នុងការជួយប្រជាជនរងគ្រោះនៅខេត្តស្ទឹងត្រែង ដែលបានរងឥទ្ធិពលពីការបាក់ទំនប់វារីអគ្គិសនីនេះ និងការហក់ឡើងខ្ពស់នៃទឹកទន្លេមេគង្គ។
លោក Prasith SAYASITH បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់គិតគូរ ផ្តល់ថវិកាជួយសម្រាលការលំបាកដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសឡាវ។ លោកឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលទើបបានផ្តល់ជំនួយឧបត្ថម្ភនាពេលកន្លងទៅថ្មីៗនេះ ហើយសង្ឃឹមថា ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅតែបន្តរក្សាបាននូវសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ យូរអង្វែងតទៅក្នុងនាមជាប្រទេសជិតខាងនឹងគ្នា៕