(ភ្នំពេញ)៖ លទ្ធផលនៃការចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងច្រើនកុះករដោយក្តីរីករាយពីសំណាក់ប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ នាំឲ្យមានការភ្ញាក់ផ្អើល និងវាយតម្លៃខ្ពស់បំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងអ្នកសង្កេតការណ៍អន្តរជាតិជាសមាជិករដ្ឋសភា ព្រឹទ្ធសភា និងជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗជាង ៥០០នាក់មកពីប្រមាណ៥២ប្រទេសផងដែរ។
ទាំងប្រជាពលរដ្ឋខ្មែរ និងអ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមពិនិត្យទិដ្ឋភាពនៅថ្ងៃបោះឆ្នោតដោយផ្ទាល់នោះ សុទ្ធតែបានមើលឃើញដោយប្រត្យក្សនឹងភ្នែករបស់ពួកគេថា ការអញ្ជើញចូលរួមរបស់ប្រជាពលរដ្ឋមានសភាពផុលផុស និងដោយស្នាមញញឹមញញែម គ្មានបំភិតបំភ័យ គ្មានការគំរាមកំហែង ហើយក៏គ្មានឃើញការដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ការិយាល័យបោះឆ្នោតនោះឡើយ ពោលប្រជាពលរដ្ឋបានទៅកាន់ការិយាល័យបោះឆ្នោតដោយមធ្យោបាយរៀងៗខ្លួន។
លោក ឯ សំភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានដាក់សមាជិករបស់ខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតដែរនោះ បានមើលឃើញថា ចាប់តាំងពីពេលយុទ្ធនាការឃោសនារកសំឡេង និងនៅថ្ងៃបោះឆ្នោត គឺគ្មានព្រឹត្តិការណ៍ហិង្សាណាមួយកើតឡើងទេ គឺដំណើរការប្រព្រឹត្តទៅក្នុងភាពល្អប្រសើរ។
លោក ឯ សំភាស់ បានបញ្ជាក់យ៉ាងដូច្នេះ «ព្រឹត្តិការណ៍បោះឆ្នោតនេះខ្ញុំមើលឃើញថា បងប្អូនយើងទៅបោះដោយមិនមែនគេដឹកជញ្ជូនតាមឡាន តាមមធ្យោបាយផ្សេងៗដោយបង្ខំដើម្បីទៅបោះឆ្នោតទេ គឺទៅបោះតាមលទ្ធភាព និងមធ្យោបាយរៀងៗខ្លួនរបស់គាត់...។ គ្មានអ្វីជាការបង្ខិតបង្ខំដល់បងប្អូនយើងនៅក្នុងសមាគមក្តី ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅតាមការិយាល័យដែលយើងសង្កេតការណ៍»។
លោក លឹម វុទ្ធី អ្នករត់ម៉ូតូកង់បីក្នុងរាជធានីភ្នំពេញ ក៏បានលើកឡើងដែរថា បោះឆ្នោតមានសារៈសំខាន់ក្នុងការជ្រើសរើសមេដឹកនាំដែលលោកពេញចិត្ត ដោយគ្មានការបង្ខិតបង្ខំណាមួយនោះឡើយ គឺចេញទៅបោះឆ្នោតដោយក្តីឆន្ទៈរបស់ខ្លួន។ លោក លឹម វុទ្ធី បញ្ជាក់ដូច្នេះ «ខ្ញុំសូមបដិសេធទាំងស្រុងចំពោះការលើកឡើងមួយចំនួនថា ការចេញទៅបោះឆ្នោតដោយការបង្ខិតបង្ខំ។ ចំពោះខ្លួនខ្ញុំមួយ ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំយើងទៅបោះឆ្នោតតាមរយៈចិត្តយើង ដែលស្រឡាញ់ និងពេញចិត្តមេដឹកនាំយើងត្រូវជ្រើសរើស អ៊ីចឹងអត់មានការបង្ខិតបង្ខំពីខាងណាទេ»។
ពលរដ្ឋម្នាក់ទៀតនៅក្នុងរាជធានីភ្នំពេញ ក៏បានអះអាងដែរថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កើតចេញពីចិត្តរបស់ពួកគេមិនមានការបង្ខិតបង្ខំណាមួយនោះឡើយ។ លោក ភាព ភី បានបញ្ជាក់ដូច្នេះ «ការជ្រើសរើសមេដឹកនាំមិនអាចនរណាបង្ខិតបង្ខំគ្រួសារខ្ញុំបានទេ សំខាន់មេដឹកនាំណាល្អគ្រួសារយើងបោះឆ្នោតជូនទាំងអស់គ្នា។ តាមការសង្កេតរបស់ខ្ញុំនៅអាណត្តិនេះអត់មាននរណាភ័យខ្លាច ឬមកទាំងការបង្ខិតបង្ខំទេ គឺគាត់មកដោយភាពញញឺម»។
ផ្ទុយពីការមើលឃើញទាំងនេះ សហរដ្ឋអាមេរិក ដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួមការសង្កេតការណ៍ផងនោះ បែរជាចេញសេចក្តីថ្លែងវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជាមិនមានភាពសេរី និងយុត្តិធម៌ទៅវិញ។ ការវាយតម្លៃលើស្ថានការណ៍បោះឆ្នោតនៅកម្ពុជា ត្រូវបានប្រជាពលរដ្ឋម្ចាស់ឆ្នោតមើលឃើញថា ជាការវាយតម្លៃបង្កប់ចរិត និងចេតនានយោបាយពិសពុលក្នុងការបំផ្លាញសេចក្តីសុខរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអតីតបក្សប្រឆាំង និងអ្នកនយោបាយជាប់ទោសដែលជាកូនចឹងរបស់គេ។
សេចក្តីថ្លែងការណ៍របស់អាមេរិក បាននាំឲ្យប្រជាពលរដ្ឋខ្មែរសម្តែងប្រតិកម្ម ខឹងសម្បា និងខកចិត្តជាខ្លាំងចំពោះសហរដ្ឋអាមេរិក ដែលតែងតែអួតអាងថាខ្លួនជាបិតាប្រជាធិបតេយ្យនោះបែរជាមិនទទួលស្គាល់សំឡេងប្រជាពលរដ្ឋខ្មែរ ដែលបានចេញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំទៅវិញ។
លោក ឯ សំភាស់ បានប្រតិកម្មជាមួយសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះ «ក្រោយបញ្ចប់សង្គ្រាមលោកលើកទីពីរប្រទេសប្រជាធិបតេយ្យនៅលើពិភពលោកជ្រើសរើសមេដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត មិនមែននាំគ្នាលីអាវុធលីកាំភ្លើងទៅផ្លាស់ប្តូរមេដឹកនាំ ដូររាជរដ្ឋាភិបាលនោះទេ។ ខ្ញុំគិតថា ការលើកឡើងរបស់អាមេរិក កំពុងដើរតួនាទីមួយចាកចេញពីគន្លងប្រជាធិបតេយ្យ ព្រោះកម្ពុជាមានធម្មនុញ្ញរបស់យើង មានការបោះឆ្នោតលែងដោះដូរអំណាចតាមរយៈសង្គ្រាមទៀតហើយ។ សូមអាមេរិកមើលប្រទេសយើងឆ្លងកាត់សង្គ្រាមលំបាកណាស់ទម្រាំប្រជាពលរដ្ឋយើងយល់ដឹងពីប្រជាធិបតេយ្យ»។
លោក លឹម វុទ្ធី ក៏បានប្រតិកម្មជាមួយការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា និងបានចាត់ទុកការបដិសេធរបស់អាមេរិកស្មើទៅនឹងការមិនទទួលស្គាល់សំឡេងឆ្នោតរបស់គាត់ដូច្នោះដែរ។ លោក លឹម វុទ្ធី បានបញ្ជាក់យ៉ាងដូច្នេះ «ប្រជាពលរដ្ឋយើងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោតភ្លូកភ្លូកដីរហូតដល់ទៅ ៨២.៨៩ភាគរយ។ នេះឆ្លុះបញ្ចាំងឲ្យឃើញថា លទ្ធិប្រជាធិបតេយ្យនៅស្រុកយើងចង់ខ្លាំងជាងនៅប្រទេសបិតាប្រជាធិបតេយ្យមួយចំនួនទៀត។ ចំពោះគាត់ (អាមេរិក) បដិសេធមិនទទួលស្គាល់ជាសិទ្ធិរបស់គាត់ ធម្មតាយើងជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសរបស់យើងលទ្ធិប្រជាធិបតេយ្យដែលប្រទេសបិតាប្រជាធិបតេយ្យគាត់ដាក់ឲ្យអាមេរិកហ្នឹង គាត់ថាបោះឆ្នោតតាមរយៈចុងទឹកប៊ិច ហើយប្រសិនបើយើងជាប្រជាពលរដ្ឋទូទាំងប្រទេសចេញទៅបោះឆ្នោតតាមរយៈទឹកប៊ិចហើយ គាត់បែរជាមិនទទួលស្គាល់បានន័យថាម៉េច? គាត់ចង់ឲ្យយើងដោះដូរមេដឹកនាំលីផ្គាក់ទៅកាប់សម្លាប់យ៉ាងម៉េច? ខ្ញុំមិនយល់ដែរព្រោះគាត់ជាបិតាប្រជាធិបតេយ្យ ជាប្រទេសអ្នកចេះដឹង»។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។
សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនយកអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕