(ស្ទឹងត្រែង)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ និងព្យាបាលប្រជាពលរដ្ឋជិត១០០គ្រួសារ ដោយឥតគិតថ្លៃ ដែលរងគ្រោះមហន្ដរាយ ដោយទឹកជំនន់នៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំអប់រំ និងអំពាវដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។
សម្រាប់ស្ដ្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅមណ្ឌលសុខភាពណាមួយ ដែលមានទីទួលមានសុវត្ថិភាព និងត្រូវនាំកុមារទៅចាក់ថ្នាំបង្ការ ឲ្យបានទៀងទាត់ តាមការកំណត់ ទោះបីជាមានទឹកជំនន់ក៏ដោយ។ ប្រសិនបើ មានពស់ចឹក សូមប្រញាប់បញ្ជូនជនរងគ្រោះ ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកឲ្យបានទាន់ពេលវេលា ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបញ្ជាក់ថា «ជានិច្ចជាកាលយើងតែងតែប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតប នឹងគ្រោះមហន្ដរាយនានា ពិសេសចុះព្យាបាលប្រជាពលរដ្ឋយើង ទៅដល់ទីតាំងរស់នៅ និងរងគ្រោះតែងម្ដង។ ក្នុងនោះយើងបានរៀបចំរួចជាស្រេច នូវឱសថ សម្ភារបរិក្ខារពេទ្យ សម្រាប់សង្គ្រោះប្រជាពលរដ្ឋ ក្នុងរដូវទឹកជំនន់នេះ ហើយយើងក៏បានបណ្ដុះបណ្ដាលធនធានមនុស្សរួចផងដែរ ក្នុងការជួយសង្រ្គោះជាបន្ទាន់ ហើយថ្មីៗនេះ » ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានចេញនូវសារអប់រំសុខភាពគ្រប់រូបភាព ជូនប្រជាពលរដ្ឋ រួចរាល់ហើយ តាមរយៈការចុះផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា ទូរទស្សន៍ និងសារព័ត៌ ក្រៅពីចុះទៅអប់រំដោយផ្ទាល់ ។
ព្រមជាមួយគ្នានេះដែរ ប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ ក៏បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលបានដឹកនាំក្រុមគ្រូពេទ្យ ចុះមកព្យាបាលពួកគាត់ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ រួមទាំង មុងជ្រលក់ថ្នាំ និងថ្នាំពេទ្យផងដែរ ។
សូមជម្រាបថា បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយសាររបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu បានមកដល់ព្រំដែនប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែកក្កដា បានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបានបន្តលិចនៅភូមិឃុំមួយចំនួនទៀត រួមទាំងស្រុកថាឡាបរិវ៉ាត់ លោក ម៉ម ប៊ុនហេង ក៏បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែកមុងជ្រលក់ថ្នាំជាង៤ពាន់មុង និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ ៕