(ភ្នំពេញ) ៖ នៅរសៀលថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំពោះមរណភាព ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនបង្កើតរបស់ សម្តេច ដែលបានទទួលមរណភាព កាលពីវេលាម៉ោង ១០ម៉៣៩ ថ្ងៃអាទិត្យ ទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ និងសូមឧទ្ទិសបួងសួងឱ្យវិញ្ញាណក្ខន្ធ ឯកឧត្តម ស ថេង បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕