(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ បានព្រមានពីការកើនឡើងកម្ពស់ទឹកទន្លេមេគង្គបន្ដទៀត នៅខេត្តស្ទឹងត្រែង ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៅមុខ ដែលធ្វើឲ្យតំបន់ទំនាបមួយចំនួន ត្រូវបានជន់លិច ប៉ុន្ដែមិនបានប៉ះពាល់ដល់ក្រុងស្ទឹងត្រែងនោះឡើយ ព្រោះមានទំនប់ការពាំរទឹកជំនន់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រុងស្ទឹងត្រែង ដែលទឹកកំពុងជន់លិចនៅពេលនេះ មិនបណ្ដាលមកពីទឹកទន្លេមេគង្គ ដែលមានការកើនឡើងនោះឡើយ ពោលការជន់លិចនេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតមកដល់១១២.៥មីលីម៉ែត្រ។
ត្រង់ចំណុចនេះ លោកពន្យល់ថា សម្រាប់ខេត្តស្ទឹងត្រែង នៅពេលទឹកឡើងដល់កម្ពស់១០.៥០ម៉ែត្រនោះ នឹងនាំឲ្យលិចតំបន់ទំនាបមួយចំនួន ហើយក្រុងស្ទឹងត្រែង ទាល់តែទឹកទន្លេមេគង្គឡើង ដល់១១.៥០ម៉ែត្រ ទើបអាចគំរាមកំហែងបាន ពីព្រោះក្រុងស្ទឹងត្រែង មានទំនប់ការពារទឹកជំនន់មួយ ដែលក្រសួងធនធានទឹក បានសាងសង់កាលពីឆ្នាំ២០០៦កន្លងទៅ។
បើតាមអ្នកនាំពាក្យរូបនេះ សម្រាប់ខេត្តស្ទឹងត្រែង ទឹកទន្លេមេគង្គនឹងកើនឡើងដោយសន្សឹមៗ ក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃទៀត ដោយកាលពីព្រឹកមិញកម្ពស់ទឹក កើនឡើង១០.៨៤ម៉ែត្រ លុះពេលម៉ោង៥ល្ងាចនេះ កើនឡើង១០.៩២ម៉ែត្រ ដោយសារតែកម្រិតទឹកភ្លៀងនៅផ្ទៃរងទឹកទន្លេមេគង្គក្នុងប្រទេសឡាវ និងប្រទេសថៃ បានរៀបថមថយហើយនោះ។
លោក ចាន់ យុត្ថា បានបន្ដថា បន្ទាប់ពីខេត្តស្ទឹងត្រែងថមថយ ទឹកទន្លេមេគង្គនឹងកើនឡើងនៅខេត្តក្រចេះ បន្ទាប់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងរយៈពេលបន្ដបន្ទាប់គ្នា។
សូមជម្រាបថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងធនធានទឹក បានចេញសេចក្ដីជូនដំណឹងមួយបន្ថែមទៀត ស្ដីអំពីទឹកជំនន់ទន្លេមេគង្គលើ ដែលកំពុងហក់ឡើងខ្លាំង ដោយសារមានការធ្លាក់ភ្លៀង ជាបន្ដបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា យោងតាមការព្យាករ កម្ពស់ទឹកទន្លេមេគង្គលើកម្ពុជា អាចកើនឡើងដល់៖
* នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គស្ទឹងត្រែង ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១១.៤០ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១០.៧០ ម៉ែត្រ)។
* នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គក្រចេះ ទឹកអាចនឹងកើនឡើងដល់កម្ពស់ ២២.១៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ២២.០០ ម៉ែត្រ)។
* នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ទន្លេមេគង្គកំពង់ចាម ទឹកអាចនឹងកើនឡើងដល់កម្ពស់ ១៥.២៥ ម៉ែត្រ (កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥.២០ ម៉ែត្រ)។
ជាមួយគ្នានេះ ក្រសួងធនធានទឹក អំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន មេត្ដាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជ្រៀសវាងនូវគ្រោះថា្នក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕